មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថាននាំយកអំណោយសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងបរិស្ថានទៅជូនវីរកងទ័ពនិងជនភៀសសឹក
ឧត្តរមានជ័យ៖ ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងបរិស្ថានកាលពីរសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥បាននាំយកអំណោយជាច្រើនមុខរបស់សាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ និងឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានទៅប្រគល់ជូនរដ្ឋបាលខេត្តឧត្តរមានជ័យ ដើម្បីបន្តយកទៅចែកជូនដល់វីរកងទ័ពជួរមុខ និងជនភៀសសឹកដែលរងគ្រោះដោយការឈ្លានពានពីប្រទេសថៃ។
អំណោយរបស់សាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងបរិស្ថានដែលប្រគល់ជូនរដ្ឋបាលខេត្តឧត្តរមានជ័យ មានដូចជា អំបុកស្រូវថ្មី គ្រាប់ស្វាយចន្ទី គោងៀត មី សំលៀកបំពាក់ ខោអាវ ដំណាប់ស្វាយ រួមជាមួយគ្រឿងឧបភោគ បរិភោគ និងសម្ភារៈប្រើប្រាស់។ពិធីប្រគល់បានរៀបចំនៅស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ក្រោមវត្តមានឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន ឯកឧត្តម ឡេង គឹមស្រុង អគ្គនាយករងនៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន និងរដ្ឋបាលខេត្តឧត្តរមានជ័យតំណាងដោយ លោក អ៊ុន សុភ័ក្រ អភិបាលរងខេត្ត។
សូមបញ្ជាក់ថា ដោយគោរពតាមការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាដែលមានប្រសាសន៍ថា «ទទួលទានអំបុកស្រូវថ្មីវាយសត្រូវឈ្លានពាន” ស្របតាមអនុសាសន៍ដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងតាមការណែនាំរបស់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ សាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ក្រសួងបរិស្ថានដឹកនាំដោយលោកជំទាវ ជា សុផាកន្នី ប្រធានកិត្តិយស និងឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានរៀបចំដាល់អំបុកស្រូវថ្មី រួមជាមួយ គ្រឿងឧបភោគ បរិភោគ សម្ភារៈប្រើប្រាស់ជាច្រើននិងថវិកាផ្តល់ជាអំណោយជូនគ្រួសារវីរកងទ័ពកំពុងឈរជើងការពារបូរណភាពទឹកដីនៅជួរមុខយ៉ាងអង់អាចក្លាហាន និងជនភៀសសឹកកំពុងស្នាក់នៅ តាមមណ្ឌលសុវត្ថិភាពក្នុងភូមិសាស្រ្តខេត្តនានា ដែលកំពុងរងការវាយប្រហារ ការឈ្លានពានរបស់កងទ័ពថៃ មកលើដែនអធិបតេយ្យកម្ពុជាតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ៕
ដោយ៖ង៉ាន់ ទិត្យ
រូបភាព៖រិន រចនា














