ប្រតិភូយុវជនកាកបាទក្រហមជប៉ុនសាខាហ៊ីរ៉ូស៊ីម៉ាចូលរួមដាំកូនឈើនិងចុះសួរសុខទុក្ខជនភៀសសឹក នៅក្រុងរុនតាឯក តេជោសែន

សៀមរាប៖  ប្រតិភូយុវជនកាកបាទក្រហមជប៉ុន សាខាហ៊ីរ៉ូស៊ីម៉ា និងយុវជនកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប កាលពីចុង​សប្ដាហ៍បានចូលរួមដាំកូនឈើចំនួន២០០ដើម នៅក្រុងរុនតាឯកតេជោសែន ក្រោមការអញ្ជើញចូលរួមពីលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា និងឯកឧត្តម គុជ លីណា អនុប្រធានអចិន្រ្តៃយ៍ នៃគណៈកម្មាធិការកាកបាទក្រហម​កម្ពុជាខេត្តសៀមរាប ព្រមទាំងវត្តមានអញ្ជើញចូលពីថ្នាក់ដឹកនាំថ្នាក់កណ្តាល មន្ត្រីសាខា-អនុសាខា អ្នកស្ម័គ្រចិត្តកាកបាទ​ក្រហមកម្ពុជា ក្រុងរុនតាឯកតេជោសែនជាច្រើននាក់។

ក្នុងឱកាសដាំកូនឈើនៅក្រុងរុនតាឯកតេជោសែន លោក តាកាអាគី សាន់តានី នាយកផ្នែកទំនាក់ទំនងអន្តរជាតិកាកបាទ​ក្រហមជប៉ុន សាខាហ៊ីរ៉ូស៊ីម៉ា និងជាប្រធានដឹកនាំប្រតិភូជប៉ុន បានថ្លែងអំណរគុណយ៉ាងកក់ក្តៅពីសំណាក់ដឹកនាំនិងមន្ត្រីគ្រប់​លំដាប់​ថ្នាក់រៀបចំកម្មវិធី​ស្នាក់នៅតាមផ្ទះ សាលារៀន សហគមន៍ និងទស្សនកិច្ចសិក្សាវប្បធម៌ប្រពៃណីខ្មែរនៅតំបន់អង្គរវត្ត។

ចំណែកលោកជំទាវអគ្គលេខាធិការ បាននាំប្រសាសន៍សួរសុខទុក្ខរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាក​បាទក្រហមកម្ពុជាផ្តាំផ្ញើជូនដល់ប្រតិភូជប៉ុន និងអង្គពិធីទាំងមូល។ ជាមួយគ្នានេះ សូមអរគុណដល់កាកបាទក្រហមជប៉ុន ដែល​បានបន្តរិតចំណងសាមគ្គីភាពជាបងប្អូនរបស់សមាគមជាតិទាំងពីរ ពិសេសនៅតែបន្តដំណើរទស្សនកិច្ចសិក្សារយៈពេលមួយ​សប្តាហ៍នៅកម្ពុជា ទោះបីដឹងថាពេលនេះកម្ពុជាកំពុងមានជម្លោះជាមួយប្រទេសថៃក៏ដោយ។

លោកជំទាវបន្តថាទស្សនកិច្ចលើកទី១នេះបានផ្តល់ឱកាសឱ្យយុវជនទាំងពីរសមាគមជាតិបានរៀនរស់នៅជាមួយគ្នាក្នុងនាមជាគ្រួសារតែមួយ ដោយបានផ្លាស់ប្តូរបទពិសោធន៍ និងវប្បធម៌ជាមួយគ្នាទៅវិញទៅមក និងធ្វើសកម្មភាពរួមគ្នាជាច្រើន ក្នុងការលើកកម្ពស់​អនាម័យបរិស្ថាន សន្តិភាព សាមគ្គីភាព ភាតរភាព តម្លៃមនុស្សធម៌ និងការងារគ្រប់គ្រងគ្រោះមហន្តរាយក្នុងសហគមន៍។

លោកជំទាវ បានបញ្ជាក់ថា ព្រៃឈើមានអត្ថប្រយោជន៍ណាស់សម្រាប់មនុស្សជាតិ នៅលើភពផែនដី ។ព្រៃឈើពិតជាបាន​រួមចំណែកទប់ស្កាត់ការប្រែប្រួលអាកាសធាតុ ផ្តល់ជម្រក ផ្តល់ម្លប់ ផ្តល់ខ្យល់បរិសុទ្ធ ជួយទប់សំណឹកដី រក្សាបាននូវប្រព័ន្ធ​អេកូឡូស៊ី​​សម្រាប់ជីវចម្រុះ និងសូមយុវជនជំនាន់ក្រោយរួមគ្នាដាំដើមឈើឱ្យបានគ្រប់ៗគ្នា។

បន្ទាប់ពីពិធីដាំដើមឈើរួចមកលោកជំទាវអគ្គលេខាធិការ បានដឹកនាំប្រតិភូទាំងអស់ទៅសួរសុខទុក្ខ និងនាំយកអំណោយ​មនុស្សធម៌មួយចំនួនដែលកាកបាទក្រហមកម្ពុជា ទទួលបានពីសប្បុរសជន ដើម្បីជួយសម្រាលការលំបាក​ដល់ប្រជាជន​ភៀសសឹកចំនួន១០០គ្រួសារ ស្ថិតនៅមណ្ឌលសុវត្ថិភាព ដែលនៅជិតទីតាំងប្រារព្ធពិធីដាំឈើ។

ក្នុងឱកាសនោះលោកជំទាវអគ្គលេខាធិការ បានប្រគល់ជូននូវថ្នាំពេទ្យមួយចំនួនដល់ក្រុមគ្រូពេទ្យដែលប្រចាំការ​នៅ​មណ្ឌល​សុវត្ថិភាព ព្រមទាំងបានចុះសួរសុខទុក្ខដល់សិស្សដែលបានភៀសសឹកមករៀននៅសាលារៀនដែលនៅជិតទីតាំង​មណ្ឌលភៀសសឹកផងដែរ៕
ដោយ៖ គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner