សម្តេចតេជោ ហ៊ុន សែន ៖ ទំនាក់ទំនងកម្ពុជា -ចិន គឺជាមិត្តដែកថែប
ភ្នំពេញ៖កម្ពុជា និងចិន បច្ចុប្បន្ន គឺជាមិត្តដែកថែប çជាសហគមន៍វាសនារួមគ្រប់រដូវកាលក្នុងយុគសម័យថ្មី ដែលជាទំនាក់ទំនង ដ៏ជម្រៅជាមួយគ្នា ។ នេះបើតាមឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានដកស្រង់ប្រសាសន៍ សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ប្រាប់អ្នកសារព័ត៌មាននារសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ បន្ទាប់ពីសម្ដេចតេជោបានអនុញ្ញាតឱ្យឯកឧត្តមសាស្ត្រាចារ្យ Xie Chuntao អនុប្រធានប្រតិបត្តិសាលាបក្សនៃគណៈកម្មា ធិការមជ្ឈិមបក្សកុម្មុយនីស្តចិន (CCPS) និងជាសមាជិកគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០ ចូលជួប សម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមាន៧មករា ។

ឯកឧត្តម ជា ធីរិទ្ធ បានឱ្យដឹងថា ក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍ចំពោះ ឯកឧត្តមសាស្ត្រាចារ្យ Xie Chuntao និងគណៈប្រតិភូដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយការអញ្ជើញរបស់ ឯកឧត្តមសាស្ត្រាចារ្យមកកាន់កម្ពុជានៅពេលនេះ គឺតបតាមការអញ្ជើញរបស់សម្ដេចតេជោ ក្នុងពេលដែលសម្ដេចបានអញ្ជើញ ទៅបំពេញទស្សនកិច្ចនៅប្រទេសចិនកាលពីខែធ្នូឆ្នាំ២០២៤កន្លងទៅ។សម្ដេចតេជោបានចាត់ទុកវត្តមានរបស់ឯកឧត្តម នា ពេលនេះ ជាឱកាសនៃការពង្រីកទំនាក់ទំនងបន្ថែមទៀតទាំងនៅក្នុងក្របខ័ណ្ឌទំនាក់ទំនងកម្ពុជា-ចិនរួមទាំងកិច្ចសហប្រតិបត្តិ ការរវាងគណបក្សប្រជាជនកម្ពុជា និងបក្សកុម្មុយនីស្តចិន។ ចំពោះទំនាក់ទំនងរវាងកម្ពុជា និងចិន បច្ចុប្បន្ន សម្ដេចតេជោ សង្កត់ធ្ងន់ថា ប្រទេសទាំងពីរគឺជាមិត្តដែកថែប ជាសហគមន៍វាសនារួមគ្រប់រដូវកាលក្នុងយុគសម័យថ្មី ដែលជាទំនាក់ទំនងដ៏ ជម្រៅ ជាមួយគ្នា ។

ចំណែកឯកឧត្តមសាស្ត្រាចារ្យ Xie Chuntao បានជម្រាបសម្ដេចតេជោ ហ៊ុន សែន ដោយបានរំលេចអំពីទំនាក់ទំនង ដ៏ល្អរវាង កម្ពុជា និងចិននាពេលបច្ចុប្បន្នដែលជាកិច្ចសហប្រតិបត្តិការមួយដ៏ជិតស្និទ្ធរវាងប្រទេសទាំងពីរ។ឯកឧត្តមក៏បានលើក ឡើងអំពីភាពរីកចម្រើននៃទំនាក់ទំនងរវាងបក្សនិងបក្ស ដែលមានជាមួយគ្នា ហើយឯកឧត្តមសង្ឃឹមថា តាមរយៈដំណើរ ទស្សនកិច្ចរបស់ឯកឧត្តមមកកាន់កម្ពុជានៅពេលនេះ នឹងជាការរួមចំណែកបន្ថែមទៀត ដើម្បីពង្រឹងចំណងមិត្តភាពរវាងគណបក្សទាំងពីរឱ្យកាន់តែរីកចម្រើន។

ឯកឧត្តមបានរំលឹកថា កន្លងមកភាគីទាំងពីរបានធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នាក្នុងក្របខ័ណ្ឌនៃការផ្លាស់ប្ដូរនូវដំណើរទស្សនកិច្ចរវាងមន្ត្រីគណបក្សនៃប្រទេសទាំងពីរទៅវិញទៅមក រួមទាំងការបណ្ដុះបណ្ដាលធនធានមនុស្សផងដែរ ដែលជាផ្នែកមួយដ៏សំខាន់ធ្វើឲ្យទំនាក់ទំនងរវាងកម្ពុជានិងចិន និងរវាងគណបក្ស និងគណបក្ស កាន់តែជិតស្និទ្ធ។
សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវក្តីរីករាយចំពោះកិច្ចសហប្រតិបត្តិការល្អរវាងគណបក្សនៃប្រទេសទាំងពីរ ដែលមានជាមួយគ្នា ហើយសម្ដេចតេជោសង្ឃឹមថា កិច្ចសហប្រតិបត្តិការនេះនឹងកាន់តែរឹងមាំបន្ថែមទៀត ដោយធ្វើយ៉ាងណាភាគីទាំងពីរបង្កើននូវកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្ដូរទស្សនកិច្ចមន្ត្រីទៅវិញទៅមក និងការបណ្តុះបណ្តាល ពង្រឹងធនធានមនុស្សរវាងគណបក្សនៃប្រទេសទាំងពីរ៕
អត្ថបទ៖ វណ្ណលុក, រូប៖ សួង ពិសិដ្ឋ និង វ៉េង លីមហួត



