រដ្ឋសភានឹងបន្តសម័យប្រជុំនៅថ្ងៃព្រហស្បតិ៍ដើម្បីពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ចំនួន៤

ភ្នំពេញ៖ ប្រសិនជាពុំមានការប្រែប្រួលទេ រដ្ឋសភានឹងបន្ត​សម័យប្រជុំ​រដ្ឋសភាលើកទី៥ នីតិកាលទី៧ នៅ​ព្រឹកថ្ងៃព្រហស្បតិ៍ ទី២៥ ខែធ្នូ ឆ្នាំ២០២៥ស្អែកនេះ ដែល​មានរបៀបវារៈចំនួន ៤ គឺការពិភាក្សា និងអនុម័ត​សេចក្តីព្រាងច្បាប់ ដែលគណៈកម្មការជំនាញ​រដ្ឋសភា ទើបបានបញ្ចប់ការពិនិត្យសិក្សារួចរាល់។

កាលពីរសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ សម្តេចមហារដ្ឋសភាធិ​ការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជា​ណាចក្រកម្ពុជា​បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភានៅវិមានរដ្ឋសភាដើម្បីពិនិត្យ និងអនុម័ត​របៀបវារៈមួយចំនួន។កិច្ចប្រជុំបានសម្រេចបន្ត​សម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៧​នៅ​ព្រឹកថ្ងៃព្រហស្បតិ៍ ទី២៥ ខែធ្នូ ឆ្នាំ២០២៥ ដែល​មានរបៀបវារៈ​ចំនួន ៤ ។ក្នុងនេះ៖ ១.ពិភាក្សានិងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពី អាកាសចរណ៍ស៊ីវិល​នៃព្រះរាជាណាចក្រកម្ពុជា។ ២.ពិភាក្សានិង​អនុម័ត សេចក្តីព្រាងច្បាប់ស្តីពី​ការ​អនុម័តយល់ព្រមលើកិច្ចព្រម​ព្រៀងគ្រប់​ជ្រុង​ជ្រោយស្តីពី ការដឹកជញ្ជូនតាមផ្លូវអាកាស រវាង​រដ្ឋសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និង​សហភាពអឺរ៉ុបនិង​រដ្ឋសមាជិករបស់ខ្លួន។ ៣.ពិភាក្សានិងអនុម័ត សេចក្តីព្រាងច្បាប់​ស្តីពី​ការអនុម័តយល់ព្រមលើពិធីសារទី៣ ស្តីពីការ​ពង្រីក​សិទ្ធិហោះហើរ​ទី៥ រវាងភាគីចុះកិច្ចព្រម​ព្រៀង ក្រោមកិច្ចព្រមព្រៀងដឹកជញ្ជូនតាម​ផ្លូវ​អាកាស រវាងរដ្ឋាភិបាលនៃ​រដ្ឋសមាជិក​សមាគម​ប្រជាជាតិអាស៊ី​អាគ្នេយ៍ និងរដ្ឋាភិបាលនៃ​សាធា​រណរដ្ឋ​ប្រជាមានិតចិន។

ចំណែករបៀបវារៈទី៤ ជារបៀបវារៈចុងក្រោយគឺការពិភាក្សា​និង​អនុម័ត សេចក្តីព្រាងច្បាប់ស្តីពី​ការអនុម័តយល់ព្រមលើ​ពិធីសារ​អនុវត្តកញ្ចប់កិច្ចសន្យាទី១១ និងទី១២ នៃសេវាកម្មដឹកជញ្ជូនតាម​ផ្លូវអាកាស ក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌ​អា​ស៊ាន​ស្តីពី សេវាកម្ម៕

អត្ថបទ ៖ ឈឹម សុផល
រូបភាព ៖ ថេត វិចិត្រ និង ហេង សម្បត្តិ

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner