ស៊ីរី ងាកទៅពង្រឹងយោធា ជាមួយរុស្ស៊ី

មូស្គូ ៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋស៊ីរី បានរាយការណ៍ថា រដ្ឋមន្ត្រីការពារជាតិ និងរដ្ឋមន្ត្រីការបរទេសរបស់ប្រទេសនេះ បានពិភាក្សាជាមួយលោក ពូទីន ប្រធានាធិបតីរុស្ស៊ី នៅទីក្រុងមូស្គូ កាលពីថ្ងៃអង្គារ ដោយផ្តោតលើកិច្ចសហប្រតិបត្តិការយោធា។

ដំណើរទស្សនកិច្ចនេះ គឺជាដំណើរចុងក្រោយបំផុតមួយ របស់អាជ្ញាធរស៊ីរី ថ្មី ទៅកាន់ប្រទេសរុស្ស៊ី ចាប់តាំងពីពួកគេបានបណ្តេញ អ្នកគ្រប់គ្រងយូរឆ្នាំ និងជាសម្ព័ន្ធមិត្តរបស់ក្រុងម៉ូស្គូ គឺ លោក Bashar al-Assad កាលពីខែធ្នូ ឆ្នាំមុន។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋស៊ីរី SANA បាននិយាយថា លោក រដ្ឋមន្ត្រីការបរទេស Asaad al-Shaibani និង លោក រដ្ឋមន្ត្រីការពារជាតិ Murhaf Abu Qasra បានជួបជាមួយ លោក Putin បានពិភាក្សាអំពី នយោបាយ, យោធា និងសេដ្ឋកិច្ច ជាពិសេស លើកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ ក្នុងវិស័យឧស្សាហកម្មយោធា។

SANA បានបន្ថែមថា ពួកគេបានពិភាក្សាអំពីវិធីដើម្បីអភិវឌ្ឍភាពជាដៃគូយោធា និងបច្ចេកទេស “ដើម្បីពង្រឹងសមត្ថភាពការពាររបស់កងទ័ពស៊ីរី , ធ្វើទំនើបកម្មសម្ភារៈយោធា, ការផ្ទេរជំនាញបច្ចេកទេស និងកិច្ចសហប្រតិបត្តិការលើការស្រាវជ្រាវ និងការអភិវឌ្ឍ។

SANA អះអាងថា ការណ៍នេះនឹងជួយ ពង្រឹងប្រព័ន្ធការពារជាតិ និងគាំទ្រសន្តិសុខ និងស្ថិរភាពនៅក្នុងប្រទេសស៊ីរី និងតំបន់។

ទោះបីជាមានវត្តមានរបស់លោក Assad នៅរុស្ស៊ី ក៏ដោយ ទីក្រុងមូស្គូ មានបំណងចង់កសាងទំនាក់ទំនងល្អ ជាមួយអាជ្ញាធរស៊ីរី ថ្មី ជាពិសេស ដើម្បីធានាបាននូវកិច្ចព្រមព្រៀង លើមូលដ្ឋានទ័ពអាកាស Hmeimim និងមូលដ្ឋានទ័ពជើងទឹក Tartus នៅលើឆ្នេរសមុទ្រមេឌីទែរ៉ាណេ របស់ប្រទេសស៊ីរី ដែលខ្លួននៅតែបន្តប្រតិបត្តិការ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner