លោក គីម ជុងអ៊ុន ថា ពង្រឹងយោធាជាអាទិភាព ក្នុងពេលនេះ

ព្យុងយ៉ាង ៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បាននិយាយថា ក្នុងពេលដែលស្ថានការណ៍កំពុងតានតឹង បច្ចុប្បន្ននេះ ការពង្រឹងយោធា គឺជាអាទិភាព។ ជាការលើកឡើង អំឡុងធ្វើទស្សនកិច្ច នៅរោងចក្រនុយក្លេអ៊ែរ កាលពីថ្ងៃពុធ។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បានចេញផ្សាយ នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែធ្នូ នេះ ថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានទៅទស្សនាកន្លែងផលិតនាវាមុជទឹក ដើរដោយថាមពលនុយក្លេអ៊ែរ និង បានត្រួតពិនិត្យការបាញ់សាកល្បងមីស៊ីល ប្រឆាំងដែនអាកាស “ប្រភេទថ្មី” ។

លោក Kim និយាយថា “ស្ថានភាពសន្តិសុខអវិជ្ជមាន” បច្ចុប្បន្ន បានធ្វើឱ្យការអភិវឌ្ឍយោធាទាំងនេះ ជាកិច្ចការបន្ទាន់ និង ជាជម្រើសដែលមិនអាចខ្វះបាន ដើម្បីជំរុញឱ្យកាន់តែលឿន នូវសព្វាវុធនុយក្លេអ៊ែរ របស់កងកម្លាំងជើងទឹក។

លោក គីម ក៏បាននិយាយច្រានចោល ការជំរុញ នាពេលថ្មីៗនេះ របស់កូរ៉េខាងត្បូង ក្នុងការអភិវឌ្ឍនាវាមុជទឹកដើរ ដោយថាមពលនុយក្លេអ៊ែរ ជាមួយសហរដ្ឋអាមេរិក ដោយហៅថា ជាការគំរាមកំហែង ដែលត្រូវតែប្រឆាំង។

សារព័ត៌មាន KCNA បានចាត់ទុកកម្មវិធីនេះថា ជា «ការប៉ុនប៉ងដ៏គ្រោះថ្នាក់ក្នុងការប្រឈមមុខដាក់គ្នា ហើយបាននិយាយថា អាចនាំឱ្យមាន «បាតុភូតដូមីណូ នុយក្លេអ៊ែរ» ។

នៅក្នុងរបាយការណ៍ ដាច់ដោយឡែកមួយទៀត របស់ KCNA, លោក Kim បានត្រួតពិនិត្យការសាកល្បង មីស៊ីលប្រឆាំងអាកាស រយៈចម្ងាយឆ្ងាយប្រភេទថ្មី នៅលើសមុទ្រខាងកើត។ ប្រភពបានរៀបរាប់ថា ជាកាំជ្រួចដែលបានបាញ់បានចំគោលដៅ នៅរយៈកំពស់ ២០០គីឡូម៉ែត្រ ហើយ លោក គីម ជុងអ៊ុន បានសម្តែងការអបអរសាទរ ចំពោះការបាញ់សាកល្បង ដោយជោគជ័យ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner