អ្នកនាំពាក្យក្រសួងការពារជាតិ៖យោធាថៃបានកំណត់យកទីតាំងពលរដ្ឋស្លូតត្រង់ជាគោលដៅបាញ់ប្រហារទាំងផ្ទះសម្បែង និងអាយុជីវិត
ភ្នំពេញ៖ ពេលនេះក្រុមយោធាឈ្លានពានថៃបានកំណត់យកទីតាំងស៊ីវិលជាគោលដៅបាញ់ប្រហារ ក្នុងនេះបានប្រើប្រាស់មធ្យោបាយបាញ់បំផ្លិចបំផ្លាញផ្ទះសម្បែងប្រជាពលរដ្ឋ និងបានបាញ់ប្រហារប្រជាពលរដ្ឋកម្ពុជាស្លូតត្រង់បណ្តាឱ្យបានបាត់បង់ជីវិត និងរងរបួសអស់ជាច្រើននាក់។
ថ្លែងក្នុងសន្និសីទសារព័ត៌មាននាព្រឹកថ្ងៃទី២៥ ខែ ធ្នូ ឆ្នាំ ២០២៥នេះលោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិឱ្យដឹងថា៖មកដល់ព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥នេះយោធាថៃបានបន្តបាញ់ផ្លោងចូលមកក្នុងដែនអធិបតេយ្យរបស់កម្ពុជាយ៉ាងសន្ធាប់នៅក្នុងតំបន់ខ្លះ ខណៈតំបន់មួយចំនួនមានសភាពស្ងប់ស្ងាត់។
ជាមួយគ្នានេះអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបានបង្ហាញនូវការសោកស្តាយចំពោះយោធាថៃ ដែលបានប្រើប្រាស់កម្លាំងរថក្រោះបាញ់បំបុកបំផ្លាញផ្ទះសម្បែងរបស់ពលរដ្ឋកម្ពុជាដោយអមនុស្សធម៌ និងយ៉ាង ឃោរឃៅ ដែលការណ៍នេះបានសបញ្ជាក់ថា យោធាថៃបានកំណត់ទាំងទីតាំងយោធា ទាំងទីតាំងជនស៊ីវិលរបស់កម្ពុជា។ វាជាការវាយប្រហារដោយមិនរើសមុខ ដែលផ្ទុយស្រឡះពីកម្ពុជាដោយបានកំណត់តែទៅលើទីតាំងយោធារបស់ថៃតែប៉ុណ្ណោះក្នុងការវាយបកដើម្បីការពារខ្លួន តែចំពោះយោធាថៃវិញគឺពុំដូច្នោះនោះទេ។
អ្នកនាំពាក្យក្រសួងការពារជាតិបានឱ្យដឹងដែរថាគិតចាប់ពីល្ងាចថ្ងៃទី ២៤ ឈានចូលព្រឹកថ្ងៃទី ២៥ ខែ ធ្នូ ឆ្នាំ ២០២៥នេះយោធាឈ្លានពានថៃបានបាញ់ប្រហារមកលើទឹកដីកម្ពុជាក្នុងនេះគិតចាប់ពីម៉ោង ១៧,១៥នាទីល្ងាចថ្ងៃទី ២៤ ខែ ធ្នូ ឆ្នាំ ២០២៥រហូតដល់វេលា ម៉ោង ៨,០០នាទីថ្ងៃទី ២៥ ខែ ធ្នូ ឆ្នាំ ២០២៥នេះនៅតែបន្តបាញ់ប្រហារយ៉ាងឃោឃៅ។ដោយក្នុងនេះនៅយោធភូមិភាគទី៥ ក្នុងភូមិសាស្ត្រភូមិតាឡី ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ នាថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥វេលាម៉ោង ៨: ៤១នាទី យោធាថៃបានបាញ់ផ្លោងកាំភ្លើងប្រភេទ ១៥៥ម.ម ចូលភូមិសាស្ត្រភូមិតាឡី ឃុំគោករមៀត ស្រុកថ្មពួក ដែលបណ្តាលឱ្យប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់កម្ពុជាបាត់បង់ជីវិតចំនួន ១នាក់។ សកម្មភាពខាងលើជាការវាយប្រហារដ៏កំរោល សាហាវ ព្រៃផ្សៃ ដោយមិនរើសគោលដៅរបស់យោធាថៃ ជាការរំលោភបំពានច្បាប់មនុស្សធម៌អន្តរជាតិយ៉ាងធ្ងន់ធ្ងរ។
គួរបញ្ជាក់ថារហូតមកដល់ពេលនេះមានពលរដ្ឋស៊ីវិលរបស់កម្ពុជាយ៉ាងហោចណាស់ចំនួន៣០នាក់ហើយបានបាត់បង់ជីវិត និងមានអ្នករងបួសចំនួន៨៧នាក់គិតត្រឹមវេលាម៉ោង៦ល្ងាចថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥៕ដោយ៖ម៉ាដេប៉ូ