មេអាស៊ានបន្ទាប់ប្រកាសត្រៀមជួយដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ
ម៉ានីល ៖ ប្រទេសហ្វលីពីន ដែលត្រូវធ្វើជាប្រធានអាស៊ានបន្ទាប់ បានប្រកាសត្រៀមជួយសម្រុះសម្រួល ជម្លោះប្រដាប់អាវុធ រវាងថៃ និងកម្ពុជា ចំពេលមានភាពតានតឹងតាមព្រំដែន។
យោងតាមទីភ្នាក់ងារព័ត៌មានរដ្ឋ ហ្វីលីពីន PNA ចេញផ្សាយថ្មីៗនេះ បានរៀបរាប់ថា ហ្វីលីពីនត្រៀមខ្លួនជាស្រេច ក្នុងការសម្រុះសម្រួល ប្រសិនបើភាគីទាំងពីរ ស្វែងរកជំនួយពីសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬ អាស៊ាន នៅពេលដែលទីក្រុងម៉ានីល កាន់តំណែង ជាប្រធានប្លុកនេះ នៅឆ្នាំក្រោយ។
ក្រសួងការបរទេស ហ្វីលីពីន បានអះអាង តាមរយៈសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃទី២២ ខែធ្នូ បញ្ជាក់ថា «ហ្វីលីពីន បានរៀបចំ ដើម្បីទទួលតួនាទីជាអ្នកសម្របសម្រួល រវាងកម្ពុជា និងថៃ ប្រសិនបើភាគីទាំងពីរសម្រេចចិត្ត ប្រើប្រាស់ការិយាល័យដ៏ល្អ របស់ប្រធានថ្មី នៅពេលដែលហ្វីលីពីន ទទួលតំណែងនេះ»។
ក្រសួងបានចេញសេចក្តីថ្លែងការណ៍ បន្ទាប់ពីកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ដែលពួកគេពិភាក្សា អំពីស្ថានភាពព្រំដែន រវាងកម្ពុជា និងថៃ កាលពីថ្ងៃចន្ទ។
ប្រភពក៏បានរំលេច ពីបទឈប់បាញ់ កាលពីខែកក្កដា ដែលបានដួលរលំ ដោយសារមានការប្រយុទ្ធគ្នាជាថ្មី ដែលបណ្តាលឱ្យមានអ្នកស្លាប់ និងរបួស ការផ្លាស់ទីលំនៅរបស់ជនស៊ីវិល និងការបិទច្រកព្រំដែនសំខាន់ៗ។
កិច្ចប្រជុំអាស៊ាន នៅប្រទេសម៉ាឡេស៊ី បានរំលឹកឡើងវិញ នូវការអំពាវនាវរបស់ប្លុកឱ្យមានការអត់ធ្មត់ និងបានជំរុញឱ្យប្រទេសទាំងពីរចាប់ផ្តើមការចរចាឡើងវិញ ដើម្បីបន្ធូរបន្ថយការលំបាករបស់ជនស៊ីវិល និងស្ដារស្ថិរភាព ក្នុងតំបន់ នេះបើតាមសារព័ត៌មាន PNA ដដែល។
ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ តទៅ ហ្វីលីពីននឹងចូលកាន់តំណែងជាប្រធានប្តូរវេន របស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬ អាស៊ាន។
គួរកត់សម្គាល់ថា លោកប្រធានាធិបតីហ្វីលីពីន Ferdinand Marcos ដែលជាប្រធានអាស៊ានបន្ទាប់ ទើបមកបំពេញទស្សនកិច្ចផ្លូវការ នៅកម្ពុជា កាលពីខែកញ្ញា ឆ្នាំ២០២៥ ឬ មានន័យថា នៅក្រោយកម្ពុជាថៃ មានជម្លោះព្រំដែនខ្លាំង ជាលើកទី១ ក្នុងឆ្នាំ២០២៥។ អ្វីជាការកត់សម្គាល់ លោកទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅ ពីកម្ពុជា ជាពិសេស លោកគឺជាប្រធានាធិបតីទី១ បានអញ្ជើញធ្វើដំណើរចាកចេញ តាមអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលត្រូវបានដាក់ឱ្យហោះហើរជាផ្លូវការ នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៥៕
ប្រភពពី PNA ប្រែសម្រួល ៖ សារ៉ាត