រុស្ស៊ីថា អាមេរិកធ្វើទង្វើដូចចោរសមុទ្រ ក្រោយបញ្ជាបិទផ្លូវទឹកវេណេស៊ុយអេឡា

មូស្គូល ៖ ប្រទេសរុស្ស៊ីនិយាយថា អាមេរិកកំពុងធ្វើសកម្មភាពដូចចោរសមុទ្រ ដែលកំពុងប្រព្រឹត្តអំពើឆក់ប្លនទ្រព្យសម្បត្តិប្រទេសដទៃនៅសមុទ្រការ៉ាប៊ីន តាមរយៈការបិទផ្លូវទឹកប្រទេសវេណេស៊ុយអេឡា ។

អ្នកនាំពាក្យក្រសួងការបរទេស លោកស្រី ម៉ារីយ៉ា ហ្សាខារ៉ូវ៉ា បាននិយាយអំពីស្ថានភាពនេះថា សព្វថ្ងៃ យើងបានឃើញសកម្មភាពរំលោភបំពានច្បាប់នៅសមុទ្រការ៉ាប៊ីន ពោលគឺជាទង្វើចោរសមុទ្រ និងអំពើលួចប្លន់ កំពុងត្រូវបានរស់ឡើងវិញនៅទីនោះ ។

លោកស្រីថា រុស្ស៊ីនឹងតស៊ូមតិ ដើម្បីបន្ធូរបន្ថយភាពតានតឹងនេះ ហើយរុស្ស៊ីក៏ សង្ឃឹមដែរថា លោកប្រធានាធិបតី ត្រាំ នឹងបើកឱកាសស្វែងរកដំណោះស្រាយ ដែលអាចទទួលយកបានពីគ្រប់ភាគីពាក់ព័ន្ធ ដោយគោរពតាមក្របខ័ណ្ឌនៃបទដ្ឋានច្បាប់អន្តរជាតិ ។

ក្រៅពីការរិះគន់របស់រុស្ស៊ី អ្នកជំនាញសិទ្ធិមនុស្ស៤រូបរបស់អង្គការសហប្រជាជាតិ ក៏បានថ្កោលទោសការបិទផ្លូវទឹករបស់អាមេរិកប្រឆាំងនឹងវេណេស៊ុយអេឡាផងដែរ ដោយនិយាយថា វាជាការបំពានប្រដាប់អាវុធដោយខុសច្បាប់ និងអំពាវនាវឱ្យសភាអាមេរិកធ្វើអន្តរាគមន៍ជាបន្ទាន់ ។់

បទបញ្ជាបិទផ្លូវទឹកវេណេស៊ុយអេឡា ធ្វើឡើងបន្ទាប់ពីលោកប្រធានាធិបតី ដូណាល់ ត្រាំ បានចោទប្រកាន់វេណេស៊ុយអេឡាថា បានប្រើប្រាស់ប្រេង ដែលជាធនធានសំខាន់របស់ប្រទេសខ្លួន ដើម្បីផ្តល់ហិរញ្ញប្បទានដល់សកម្មភាពភេរវកម្មគ្រឿងញៀន ការជួញដូរមនុស្ស ឃាតកម្ម និងការចាប់ជំរិត ។

ជាការឆ្លើយតប វេណេស៊ុយអេឡាបានច្រានចោលការចោទប្រកាន់នេះ ហើយថែមទាំងវាយបកអាមេរិកវិញថា កំពុងប៉ុនប៉ងផ្តួលរំលំលោកប្រធានាធិបតីរបស់ខ្លួន នីកូឡាស់ ម៉ាឌូរ៉ូ ដើម្បីដណ្តើមយកប្រេងបម្រុងដ៏ច្រើនមហាសាលរបស់វេណេស៊ុយអេឡា ៕

ប្រភព ៖ The straits times ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner