លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញសួរសុខទុក្ខវីរយុទ្ធជន ដែលរងរបួសក្នុងសមរភូមិ រួមទាំងប្រជាជនរងគ្រោះក្នុងសង្គ្រាម កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប
ខេត្តសៀមរាប៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញចុះសួរសុខទុក្ខវីរយុទ្ធជនការពារបូរណភាពទឹកដីដ៏អង់អាចក្លាហាន ដែលរងរបួសក្នុងសមរភូមិ រួមទាំងប្រជាជនរងគ្រោះក្នុងសង្គ្រាម កំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យបង្អែកខេត្តសៀមរាប នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥។
ស្ថិតក្នុងវេលានេះដែរ លោកជំទាវបណ្ឌិតក៏បានបាននាំនូវព្រះរាជបណ្តាំផ្តាំផ្ញើសួរសុខទុក្ខ ទឹកព្រះទ័យអាណិតអាសូរពី សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ជាពិសេសការកោតសរសើរ ស្ញប់ស្ញែងចំពោះទឹកចិត្តដ៏អង់អាចក្លាហាន ហ៊ានពលិកម្មគ្រប់បែបយ៉ាងដើម្បីបូរណភាពទឹកដីដ៏កម្សត់របស់យើង និងសូមជូនពរដល់វីរយុទ្ធជនគ្រប់រូប និងប្រជាជនរងគ្រោះ សូមឆាប់បានជាសះស្បើយឡើងវិញ។
ជាមួយគ្នានេះ លោកជំទាវបណ្ឌិត បានពាំនាំប្រសាសន៍ ផ្តាំផ្ញេី សួរសុខទុក្ខ ដ៏ខ្ពង់ខ្ពស់បំផុត និងដោយក្តីបារម្ភបំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំង សម្តេចធិបតី ហ៊ុន ម៉ាណែត ជូនវីរយុទ្ធជន និងប្រជាជនគ្រប់ៗរូប ដោយភ្ជាប់មកជាមួយនូវអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា រួមជាមួយអំណោយដ៏ថ្លៃថ្លាបំផុតរបស់ សម្តេចធិបតី និងលោកជំទាវបណ្ឌិតផ្ទាល់ ដែលមានដូចជា សម្ភារប្រើប្រាស់ គ្រឿង ឧបភោគ បរិភោគ រួមជាមួយថវិកា មួយចំនួនផងដែរ។
ក្នុងឱកាសជួបសំណេះសំណាលផ្ទាល់ លោកជំទាវបណ្ឌិត មានអារម្មណ៍ក្ដុកក្ដួល រំជួលចិត្តឥតឧបមា មានក្តីអាណិតអាសូរជាពន់ពេកដល់វីរយុទ្ធជនដែលបានពលី និងលះបង់កម្លាំងកាយចិត្ដ បំពេញការងារដោយបេះដូង និងឆន្ទៈខ្ពស់បំផុត ក្នុងការការពារបូរណភាពទឹកដី លះបង់ឈាមស្រស់ សាច់ស្រស់ បូជាជូនជាតិមាតុភូមិ ដោយក្តីមោទនភាពជាទីបំផុត។ ទន្ទឹមនឹងនេះ លោកជំទាវបណ្ឌិត ក៏បានថ្លែងអំណរគុណ និងកោតសរសើរយ៉ាងក្រៃលែងចំពោះភរិយា និងក្រុមគ្រួសាររបស់វីរយុទ្ធជន ដែលពិតជាមានការលះបង់ខ្ពស់បំផុតឱ្យស្វាមីទៅសមរភូមិមុខ ដើម្បីបុព្វហេតុជាតិមាតុភូមិ។ បន្ថែមពីនេះ លោកជំទាវបណ្ឌិត បានជូនពរដល់វីរយុទ្ធជន និង្ងប្រជាជនរងគ្រោះ ដែលកំពុងសម្រាកព្យាបាល សូមឱ្យមានសុខភាពល្អមាំមួនឡើងវិញក្នុងពេលឆាប់ៗ ដោយភ្ជាប់ជាមួយពាក្យផ្តាំផ្ញើទៅកាន់ វេជ្ជបណ្ឌិតទាំងអស់សូមឱ្យព្យាបាលថែទាំដោយយកចិត្តទុកដាក់បំផុត។
សូមជម្រាបជូនថា កាលពីថ្មីៗនេះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បានអញ្ជើញចុះមកសួរសុខទុក្ខដល់វីរយុទ្ធជនយើង ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន៥ក្នុងរាជធានីភ្នំពេញ ចំនួន ២ដងមកហើយ និងបានអញ្ជើញចុះទៅសួរសុខទុក្ខដោយផ្ទាល់ដល់វីរយុទ្ធជនយើងដែលសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្ដកំពង់ធំផងដែរ។ ទន្ទឹមនឹងនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានចាត់ឱ្យមន្ត្រីក្រោមឱវាទ បន្តចុះសួរសុខទុក្ខវីរយុទ្ធជននៅតាមមន្ទីរពេទ្យជាបន្តបន្ទាប់ ជាក់ស្តែងនៅថ្ងៃទី២៨នេះដែរ មន្ត្រីទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា ចំនួន៣ក្រុម បានបន្តចុះសួរសុខទុក្ខ និងផ្តល់អំណោយជូនវីរយុទ្ធជននៅតាមមន្ទីរពេទ្យចំនួន៥ ក្នុងរាជធានីភ្នំពេញ៕ ដោយ វណ្ណលុក


































