កសិដ្ឋានចិញ្ចឹមឆ្កែជិត ៨០% បិទទ្វារ ក្រោយកូរ៉េខាងត្បូងបង្កើតច្បាប់ហាមបរិភោគសាច់ឆ្កែ
សេអ៊ូល ៖ កសិដ្ឋានចិញ្ចឹមឆ្កែចំនួន៨ទីតាំងក្នុងចំណោម១០ទីតាំងនៅកូរ៉េខាងត្បូង បានបិទទ្វារឈប់រកស៊ីតទៅទៀត ដែលនេះជាការធ្លាក់ចុះខ្លាំងមិនធ្លាប់មាន មុនពេលច្បាប់ហាមឃាត់បរិភោគសាច់ឆ្កែចាប់ផ្តើមអនុវត្តពេញលេញនៅក្នុងខែកុម្ភៈ ឆ្នាំ ២០២៧ ។
បើតាមទិន្នន័យរបស់ក្រសួងកសិកម្ម ស្បៀងអាហារ និងកិច្ចការជនបទកូរ៉េខាងត្បូង, ប្រហែល ៧៨ភាគរយនៃកសិដ្ឋានចិញ្ចឹមឆ្កែ ដែលបានចុះបញ្ជីមានចំនួន ១,២០៤ទីតាំង ក្នុងចំណោម ១,៥៣៧ទីតាំង បានបញ្ឈប់ការរកស៊ីតទៅទៀត គិតត្រឹមថ្ងៃទី២១ ខែធ្នូ ។ ការបិទទ្វារនេះ ធ្វើឡើងបន្ទាប់ពីការអនុវត្តច្បាប់ដ៏តឹងរ៉ឹង ក្នុងគោលបំណងហាមឃាត់ការបរិភោគសាច់ឆ្កែ បានចូលជាធរមាននៅខែសីហា ឆ្នាំ ២០២៤ ។
ក្រសួងបានប្រាប់មូលហេតុថា កសិដ្ឋានជាងពាក់កណ្តាល ដែលដើមឡើយគ្រោងនឹងបិទនៅឆ្នាំ ២០២៦ និង២០២៧ បានសម្រេចចិត្តបញ្ឈប់ប្រតិបត្តិការមុនកាលកំណត់បែបនេះ ក៏ព្រោះតែមានការគាំទ្រពីសាធារណជនខ្លាំងឡើង ចំពោះការហាមឃាត់នេះ និងមានការលើកទឹកចិត្តផ្នែកហិរញ្ញវត្ថុ សម្រាប់ម្ចាស់កសិដ្ឋានពីរដ្ឋាភិបាលក្នុងតំបន់ ។
ជាមួយគ្នានេះ មន្ត្រីក្រសួងកសិកម្មកូរ៉េខាងត្បូងប្តេជ្ញាចិត្តផ្លាស់ប្តូរកសិដ្ឋានចិញ្ចឹមឆ្កែ និងបិទដំណើរទាំងស្រុងនៅឆ្នាំ ២០២៧ ដើម្បីធ្វើឲ្យកូរ៉េខាងត្បូងក្លាយជាប្រទេសមួយដែលមានប្រព័ន្ធសុខុមាលភាពសត្វទំនើប ។
សូមរម្លឹកថា បន្ទាប់ពីការអនុគ្រោះរយៈពេល ៣ឆ្នាំ អ្នកដែលល្មើសច្បាប់នឹងត្រូវប្រឈមមុខនឹងការជាប់ពន្ធនាគារអតិបរមា ២ឆ្នាំ ឬពិន័យជាទឹកប្រាក់ជាង ២០,៥៨៣ ដុល្លារ ក្រោយច្បាប់នេះចាប់ផ្តើមអនុវត្តពេញលេញក្នុងឆ្នាំ ២០២៧ ៕
ប្រភព ៖ The straits times ប្រែសម្រួល ៖ ឈឹម ទីណា

