សម្តេចនាយករដ្ឋមន្រ្តីរំលឹកថា បែកបាក់គឺស្លាប់, សាមគ្គីរឹងមាំគឺរស់
ភ្នំពេញ៖ លើបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានបង្ហោះសារក្រើនរំលឹកថា ទុក្ខលំបាក និង ពលិកម្មសាច់ស្រស់ ឈាមស្រស់ របស់វីរជនរបស់យើងនៅសមរភូមិ គឺជាការដាស់តឿន មិនឱ្យយើងបំភ្លេចបានមួយវិនាទីណាឡើយថា «បែកបាក់ គឺស្លាប់, សាមគ្គីរឹងមាំ គឺរស់ ។ ដ
សារនៅលើបណ្ដាញសង្គមដដែលសម្ដេចធិបតី ហ៊ុន ម៉ាណែត បានបន្តថាស្របតាមពាក្យចាស់ថា «ចង្កឹះមួយបាច់ គេកាច់មិនបាក់» យើងត្រូវយកការលំបាកនៅពេលនេះ ធ្វើជាឱកាស ដើម្បីឱ្យខ្មែរគ្រប់រូបចេះពួតដៃគ្នាកសាងជាតិខ្មែរយើង ឱ្យកាន់តែរឹងមាំ និង កាន់តែប្រសើរឡើង ប្រកបដោយភាពធន់ នៅក្រោមម្លប់ដ៏សែនត្រជាក់នៃអង្គព្រះមហាក្សត្រ ជាទីគោរពសក្ការៈនៃយើង។
ជាមួយនឹងសំណេរដដែលនេះ សម្តេចធិបតីនាយករដ្ឋមន្រ្តី បានសម្តែងនូវការដឹងគុណដ៏ជ្រាលជ្រៅបំផុត ចំពោះការលះបង់មិនអាចកាត់ថ្លៃបាន របស់វីរកងទ័ព និង វីរនគរបាល ដ៏អង់អាចក្លាហានគ្រប់រូប ក្នុងការបំពេញភារកិច្ចដ៏ឧត្តុងឧត្តមនៃការកាពារអធិបតេយ្យជាតិ និងបូរណភាពទឹកដី, ហើយក៏សូមសម្តែងនូវការកោតសរសើរ និងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតផងដែរ ចំពោះស្មារតីស្នេហាជាតិមាតុភូមិ និងស្មារតីសាមគ្គីជាតិជាធ្លុងមួយ ក្នុងការការពារអធិបតេយ្យជាតិ និង បូរណភាពទឹកដី របស់ព្រះសង្ឃគ្រប់ព្រះអង្គ និង ជនរួមជាតិគ្រប់រូប, ពីគ្រប់ទិសទី, ទាំងក្នុង និង ក្រៅប្រទេស ។ គុណូបការៈទាំងនេះ ពិតជាមានតម្លៃលើសអ្វីៗទាំងអស់ ហើយនឹងត្រូវបានចារទុកក្នុងប្រវត្តិសាស្រ្ត សម្រាប់ប្រជាពលរដ្ឋកម្ពុជា គ្រប់រូប និង គ្រប់ជំនាន់ ។
សម្ដេចធិបតីនាយករដ្ឋមន្រ្តីក៏សង្ឃឹមថា បងប្អូនប្រជាពលរដ្ឋយើង, គ្រប់មជ្ឈដ្ឋាន និង គ្រប់ទិសទី, នឹងបន្តផ្តល់ជំនឿដ៏មុតមាំលើរាជរដ្ឋាភិបាល និង រួបរួមសាមគ្គីគ្នាក្នុងស្មារតីជាតិខ្មែរតែមួយ ប្រើប្រាស់តម្លៃនៃសន្តិភាពនេះ ដើម្បីអភិវឌ្ឍខ្លួនឱ្យក្លាយជាពលរដ្ឋឆ្នើមរបស់កម្ពុជា និង ក្លាយជាកម្លាំងដ៏រឹងមាំមិនអាចបំបែកបំបាក់បាន ក្នុងកិច្ចការពារអធិបតេយ្យជាតិ និង បូរណភាពទឹកដី និង ក្នុងការអភិវឌ្ឍជាតិ និង មាតុភូមិកម្ពុជា ជាទីស្នេហាបំផុតនៃយើង ឱ្យកាន់តែមានការរីកចម្រើនខ្លាំងក្លាឡើងជាលំដាប់ និង ក្លាយជាប្រជាជាតិមួយ ប្រកបដោយមោទនភាព និង កិត្យានុភាពខ្ពស់ត្រដែត លើឆាកអន្តរជាតិ ៕
ដោយ៖ វណ្ណលុក