បើគ្មានអ្វីប្រែប្រួលនៅម៉ោង១២ថ្ងៃត្រង់ ថ្ងៃស្អែក ថៃនឹងប្រគល់វីរកងទ័ពទាំង១៨រូបមកកម្ពុជាវិញ
ភ្នំពេញ៖ក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន រដ្ឋមន្ដ្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិកម្ពុជាបានមានប្រសាសន៍ថា បើមិនមានអ្វីប្រែប្រួលទេនៅវេលាម៉ោង ១២ថ្ងៃត្រង់ ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ស្អែកនេះ កម្ពុជានឹងទទួលស្វាគមន៍វីរកងទ័ពទាំង ១៨រូប ដែលថៃចាប់ខ្លួនកាលពីពេលកន្លងទៅឱ្យត្រឡប់មកកម្ពុជាវិញ ។
ឯកឧត្តម ប្រាក់ សុខុន បាននិយាយបន្តដោយសុទិដ្ឋិនិយមថា យើងក៏ត្រៀមលក្ខណៈ ហើយសង្ឃឹមថា នឹងមិនមានបញ្ហាអ្វីកើតឡើងពីនេះទៅដល់ម៉ោង១២ថ្ងៃត្រង់ថ្ងៃស្អែក (ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥) នឹងបានទទួលស្វាគមន៍ ទាហានយើងទាំង១៨នាក់ ដើម្បីគាត់បានវិលត្រឡប់មកផ្ទះសម្បែងជួបជុំគ្រួសារ ប្រពន្ធ កូន ឪពុកម្ដាយ របស់គាត់វិញដោយសុវត្ថិភាព។
ឯកឧត្តម ប្រាក់ សុខុន បានមានវត្តមាននៅខេត្តយូណាន ប្រទេសចិនរយៈពេលពីរថ្ងៃ ពីថ្ងៃទី២៨ និងទី២៩ ធ្នូ ដើម្បីចូលរួមកិច្ចប្រជុំត្រីភាគី កម្ពុជា ថៃ និងចិន ក្រោមការអញ្ជើញពីឯកឧត្តម វ៉ាង យី រដ្ឋមន្រ្តីក្រសួងការបរទេសចិន។
ក្នុងសន្និសីទកាសែតដដែលនេះ ឯកឧត្តមរដ្ឋមន្រ្តីការបរទេសកម្ពុជាបានគូសបញ្ជាក់ថា នេះជាលទ្ធផលដែលយើងសម្រេចបាននៅក្នុងកិច្ចប្រជុំពីរថ្ងៃកន្លងទៅនេះ។
គប្បីជម្រាបជូនថា តាមរយៈកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) នៅច្រកទ្វារព្រំដែន អន្តរជាតិព្រំ(ខេត្តប៉ៃលិន ប្រទេសកម្ពុជា)-បានប៉ាក់កាដ (ខេត្តច័ន្ទបុរី ប្រទេសថៃ) កាលពីព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥នេះ កម្ពុជា-ថៃបានឯកភាពឈប់បាញ់ជាបន្ទាន់នៅវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃទី២៧ ខែធ្នូ និងត្រូវអនុវត្តរួមគ្នារយៈពេល៧២ម៉ោងមិនត្រូវឱ្យមានការផ្ទុះអាវុធឡើយ។
ក្នុងការព្រមព្រៀងនេះដោយស្របតាមស្មារតីនៃសេចក្តីប្រកាសរួមទីក្រុងគូឡាឡាំពួ ចុះថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ យោធិនកម្ពុជាចំនួន១៨ រូប នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ បន្ទាប់ពីបទឈប់បាញ់ ត្រូវបានគោរពយ៉ាងពេញលេញក្នុងរយៈពេល ៧២ ម៉ោង។
សូមបញ្ជាក់ថា ថ្ងៃទី២៩ធ្នូ ឆ្នាំ២០២៥នេះជាថ្ងៃទី១៥៣ ដែលវីរកងទ័ពកម្ពុជាចំនួន១៨រូប ត្រូវបានចាប់ខ្លួននិងដាក់ឱ្យស្ថិតក្រោមការឃុំគ្រងរបស់យោធាថៃ៕
ដោយ៖ វណ្ណលុក