នាយករដ្ឋមន្ត្រីជប៉ុន ផ្លាស់ទៅរស់នៅវិមាន ល្បីថា មានខ្មោចលងសាហាវ
តូក្យូ ៖ លោកស្រី Sanae Takaichi ដែលជាមេដឹកនាំស្រ្តីដំបូងរបស់ប្រទេសជប៉ុន បានផ្លាស់ទៅរស់នៅក្នុងវិមានផ្លូវការ សម្រាប់នាយករដ្ឋមន្ត្រីជប៉ុន ជាកន្លែងមានពាក្យចចាមអារ៉ាមល្បីថា មានខ្មោចទាហានលងបន្លាចសាហាវកាលពីមួយទសវត្សរ៍មុន ។
លោកស្រី Takaichi នៅថ្ងៃទី២៩ ខែធ្នូ បានផ្លាស់ទៅរស់នៅក្នុងវិមាននាយករដ្ឋមន្ត្រីជប៉ុន Sori Kotei ដែលជាអគារធ្វើឡើងពីថ្ម និងឥដ្ឋនៅចំកណ្តាលទីក្រុងតូក្យូ ពោលគឺរយៈពេលពីរខែបន្ទាប់ពីចូលកាន់តំណែងមក ។
បើតាមសារព័ត៌មាន The straits times, មេដឹកនាំជប៉ុនមានវ័យ ៦៤ឆ្នាំរូបនេះ បានឡើងកាន់អំណាចជាមួយនឹងការសន្យាថា នឹងខិតខំប្រឹងប្រែងធ្វើការឥតសម្រាក ។
ជាក់ស្តែង ចាប់តាំងពីឡើងកាន់តំណែងមក លោកស្រី Takaichi ពិតជារវល់ខ្លាំង ស្ទើរតែរកពេលសម្រាកមិនបាន ហើយក្នុងមួយយប់លោកស្រីបានសម្រាកត្រឹមតែ ២ទៅ៤ម៉ោងប៉ុណ្ណោះ ។
រម្លឹកអំពីប្រវត្តិរបស់វិមានផ្លូវការ សម្រាប់នាយករដ្ឋមន្ត្រីជប៉ុនវិញ គឺវិមាន Sori Kotei ដែលបានបញ្ចប់ការសាងសង់នៅឆ្នាំ១៩២៩ ស្ថិតនៅលើទីតាំងមួយ ដែលមានព្រឹត្តិការណ៍ប្រវត្តិសាស្ត្រជាច្រើន ។
នៅឆ្នាំ១៩៣២ នាយករដ្ឋមន្ត្រីជប៉ុននៅពេលនោះ គឺលោក Tsuyoshi Inukai ត្រូវបានបាញ់សម្លាប់ដោយមន្ត្រីកងទ័ពជើងទឹកចំនួន ១១ នាក់ក្នុងអំឡុងពេលរដ្ឋប្រហារយោធា ។
៤ ឆ្នាំក្រោយមក បងថ្លៃរបស់នាយករដ្ឋមន្ត្រីរូបនេះ គឺលោក Keisuke Okada និងមនុស្ស ៤នាក់ផ្សេងទៀតក៏ត្រូវបានសម្លាប់នៅក្នុងរដ្ឋប្រហារមួយផ្សេងទៀតផងដែរ ។
រឿងរ៉ាវទាំងនេះ បានជំរុញឱ្យមានពាក្យចចាមអារ៉ាមនិយាយតំណាលតៗគ្នាថា វិមានផ្លូវការ សម្រាប់នាយករដ្ឋមន្ត្រីជប៉ុន Sori Kotei មានខ្មោចលងបន្លាចជានិច្ច ។ នេះបើតាមសារព័ត៌មាន AFP ៕
ប្រភព ៖ The straits times និង AFPប្រែសម្រួល ៖ ឈឹម ទីណា