ខែធ្នូ រុស្ស៊ីបាញ់ទម្លាក់ដ្រូនចម្ងាយឆ្ងាយជាង ៤,៣០០ គ្រឿងរបស់អ៊ុយក្រែន
មូស្គូ ៖ យោងតាមស្ថិតិរបស់ក្រសួងការពារជាតិរុស្ស៊ី និងការវិភាគដោយសារព័ត៌មាន ABC NEWS បានឱ្យដឹងថា ក្នុងខែធ្នូ រុស្ស៊ីបានស្ទាក់ចាប់កម្ទេចយន្តហោះដ្រូនរយៈចម្ងាយឆ្ងាយច្រើនជាង ៤,៣០០គ្រឿងរបស់អ៊ុយក្រែន ដែលនេះជាកំណត់ត្រាថ្មីមិនធ្លាប់មាន ។
ផ្អែកតាមក្រសួងការពារជាតិរុស្ស៊ី, យោធាបានបាញ់ទម្លាក់យន្តហោះដ្រូនរយៈចម្ងាយឆ្ងាយប្រមាណ ៤,៣៧៩គ្រឿងរបស់អ៊ុយក្រែនកាលពីខែធ្នូ ដែលស្មើនឹងមួយថ្ងៃមានចំនួន ១៤១គ្រឿង ។
នៅក្នុងខែធ្នូដដែល កងទ័ពអាកាសអ៊ុយក្រែនក៏បានអះអាងដែរថា រុស្ស៊ីបានវាយប្រហារដោយគ្រាប់ផ្លោងចម្ងាយឆ្ងាយសរុបចំនួន ៥,៣០៧គ្រាប់ យន្តហោះដ្រូនចំនួន ៥,១៣១គ្រឿង និងមីស៊ីលចំនួន ១៧៦គ្រាប់ ។
ក្នុងនោះយន្តហោះដ្រូនជិត ៨១ភាគរយត្រូវបានបាញ់កម្ទេច ឬស្ទាក់ចាប់ដោយជោគជ័យ ខណៈដែលមីស៊ីលប្រហែល ៦៤ភាគរយក៏ត្រូវបានបំផ្លាញផងដែរ ។
ប៉ុន្តែអ្វីដែលគួរឱ្យកត់សម្គាល់នោះ រុស្ស៊ីបានចោទប្រកាន់អ៊ុយក្រែន ថាបានបញ្ជាយន្តហោះដ្រូនចម្ងាយឆ្ងាយរហូតដល់ ៩១គ្រឿង ទៅវាយប្រហារលំនៅដ្ឋានរបស់លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ក្នុងតំបន់ Novgorod ភាគខាងជើងរុស្ស៊ី ។
បើតាមកាសែតរ៉យទ័រ, ទាំងអ៊ុយក្រែន និងបណ្តាប្រទេសលោកខាងលិច បានប្រកាសច្រានចោលភ្លាមៗចំពោះការចោទប្រកាន់នេះ ប៉ុន្តែរុស្ស៊ីនិយាយថា ខ្លួននឹងប្រគល់ភស្តុតាងនៃបំណែកយន្តហោះដ្រូនអ៊ុយក្រែន ដល់អនុព័ន្ធយោធាអាមេរិក ដែលក្នុងនោះមានទាំងទិន្នន័យបង្ហាញថា យោធាអ៊ុយក្រែនបានកំណត់គោលដៅវាយប្រហារលំនៅដ្ឋានរបស់លោក ពូទីន ៕
ប្រភព ៖ ABC NEWS និង Reuters ប្រែសម្រួល ៖ ឈឹម ទីណា