លោក ត្រាំ ថា អាមេរិកបានចាប់ខ្លួនប្រធានាធិបតីវេណេស៊ុយអេឡា និងភរិយា ហើយកំពុងបញ្ជូនចេញពីប្រទេស
វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ជាឱ្យបើកការវាយប្រហារទីតាំងជាច្រើននៅក្នុងប្រទេសវេណេស៊ុយអេឡា ក្នុងនោះរួមមានទាំងទីតាំងយោធា ខណៈដែលទីក្រុងវ៉ាស៊ីនតោនបានចាប់ផ្តើមយុទ្ធនាការប្រឆាំងនឹងរបបដឹកនាំរបស់លោកប្រធានាធិបតី នីកូឡាស់ ម៉ាឌូរ៉ូ ។
បើតាមសារព័ត៌មាន CBS NEWS, ក្រោយផ្តើមវាយប្រហារវេណេស៊ុយអេឡា លោក ត្រាំ និយាយថា លោកប្រធានាធិបតី ម៉ាឌូរ៉ូ និងលោកជំទាវទី១របស់គាត់ ត្រូវបានចាប់ខ្លួន និងបានបញ្ជូនតាមជើងហោះហើរចាកចេញពីប្រទេស អំឡុងពេលយោធាអាមេរិកបើកការវាយប្រហារទ្រង់ទ្រាយធំ ។
ការវាយប្រហារនេះកើតឡើងប៉ុន្មានខែប៉ុណ្ណោះ បន្ទាប់ពីយោធាអាមេរិកសាងសង់មូលដ្ឋានយោធាក្នុងតំបន់ ដោយមានទាំងការដាក់ពង្រាយនាវាផ្ទុកយន្តហោះចម្បាំង និងនាវាចម្បាំងជាច្រើននៅសមុទ្រការ៉ាប៊ីន ។
ហើយក្នុងពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ អាមេរិកក៏ទើបតែបានរឹបអូសនាវាដឹកប្រេងចំនួនពីរគ្រឿងនៅវេណេស៊ុយអេឡា ដោយចោទថា បានរំលោភទណ្ឌកម្ម បន្ថែមពីលើការវាយប្រហារលើទូកសង្ស័យដឹកគ្រឿងញៀនច្រើនជាង ៣០គ្រឿង ។
ចំណាត់ការទាំងនេះ ធ្វើឡើងក្រោយរដ្ឋបាលលោក ត្រាំ បានចោទប្រកាន់លោកប្រធានាធិបតី ម៉ាឌូរ៉ូ ពីបទជួញដូរគ្រឿងញៀន និងធ្វើការជាមួយក្រុមឧក្រិដ្ឋជនដែលត្រូវបានចាត់ថ្នាក់ថា ជាអង្គការភេរវកម្ម ប៉ុន្តែលោក Maduro បានបដិសេធ ៕
ប្រភព ៖ CBS NEWS ប្រែសម្រួល ៖ ឈឹម ទីណា