រុស្ស៊ីជំរុញឱ្យលោក ត្រាំ ដោះលែងប្រធានាធិបតីវេណេស៊ុយអេឡា និងភរិយា
មូស្គូ ៖ រុស្ស៊ី ដែលជាសម្ព័ន្ធមិត្តដ៏រឹងមាំរបស់ប្រទេសវេណេស៊ុយអេឡា បានប្រកាសថ្កោលទោស និងទាមទារឱ្យរដ្ឋបាលអាមេរិករបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ដោះលែងមេដឹកនាំវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ និងភរិយារបស់គាត់ជាបន្ទាន់ ។
ក្រសួងការបរទេសរុស្ស៊ីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ដោយសាររបាយការណ៍ថា លោកប្រធានាធិបតីវេណេស៊ុយអេឡា ម៉ាឌូរ៉ូ និងភរិយារបស់គាត់កំពុងស្ថិតក្រោមការឃុំខ្លួននៅអាមេរិក ដូច្នេះយើងសូមអំពាវនាវយ៉ាងមុតមាំដល់ថ្នាក់ដឹកនាំអាមេរិក ឱ្យពិចារណាឡើងវិញនូវជំហររបស់ខ្លួន និងដោះលែងជាបន្ទាន់នូវមេដឹកនាំដែលត្រូវបានជ្រើសរើសដោយស្របច្បាប់ នៃប្រទេសអធិបតេយ្យ និងភរិយារបស់គាត់ ។
បើតាមសារព័ត៌មាន RT, រុស្ស៊ីបានអះអាងសារជាថ្មីអំពីសាមគ្គីភាពជាមួយប្រជាជនវេណេស៊ុយអេឡា និងបានគាំទ្រការអំពាវនាវឱ្យមានកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិជាបន្ទាន់ ដើម្បីដោះស្រាយបញ្ហានេះ ។
ជាមួយគ្នានេះ ក្រសួងការបរទេសរុស្ស៊ីបានសង្កត់ធ្ងន់ទៀតថា អាមេរិកឡាទីនគួរតែនៅតែជាតំបន់សន្តិភាព ហើយវេណេស៊ុយអេឡាត្រូវតែមានសេរីភាពក្នុងការកំណត់អនាគតរបស់ខ្លួន ដោយមិនមានការជ្រៀតជ្រែកពីខាងក្រៅ ។
យោងតាមសារព័ត៌មាន CNN, លោកប្រធានាធិបតី ដូណាល់ ត្រាំ បាននិយាយថា មេដឹកនាំវេណេស៊ុយអេឡា លោក ម៉ាឌូរ៉ូ និងភរិយា ត្រូវបានចាប់ខ្លួន កំឡុងពេលយោធាអាមេរិកបើកការវាយប្រហារទ្រង់ទ្រាយធំ ។
ហើយក្រោយមក លោក ម៉ាឌូរ៉ូ និងភរិយា ត្រូវបានដឹកតាមនាវាចម្បាំងអាមេរិក USS Iwo Jima ឆ្ពោះទៅកាន់ទីក្រុងញូវយ៉ក ជាទីដែលមេដឹកនាំវេណេស៊ុយអេឡារូបនេះ ប្រឈមមុខនឹងការកាត់ទោសពីបទជាប់ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀនមកកាន់សហរដ្ឋអាមេរិក ៕
ប្រភព ៖ RT និង CNN ប្រែសម្រួល ៖ ឈឹម ទីណា
