ប្រធានក.អ.ក.៖អាវក្រោះនិងមួកសុវត្ថិភាពដែលមានស្លាកអ្នកសារព័ត៌មាន ឬ PRESS គឺជាសញ្ញាចាំបាច់បំផុតក្នុងពេលបំពេញការងារតាមតំបន់ព្រំដែន
ភ្នំពេញ៖ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក)កាលពីព្រឹកថ្ងៃចន្ទទី៥ ខែមករា ឆ្នាំ២០២៦ បានចែកអាវក្រោះ និងមួកសុវត្ថិភាពជាលើកទី២ ដល់អ្នកសារព័ត៌មានចំនួន២១រូបមកពី២០ស្ថាប័ន ។សរុបទាំងពីរលើកមានចំនួនជិត១០០ឈុត។សម្ភារៈទាំងនេះផ្តល់ជូនអ្នកកាសែតក្នុងគោលបំណងដើម្បីជួយការពារសុវត្ថិភាព ដល់អ្នកសារព័ត៌មានដែលកំពុងបំពេញការងារព័ត៌មាននៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងទីកន្លែងងាយរងគ្រោះដទៃ ទៀតក្នុងតំបន់រងការវាយប្រហារយោធា។
ក្នុងពិធីជូនសម្ភារៈការពារសុវត្ថិភាពដល់អ្នកសារព័ត៌មាន លោក ពុយគា ប្រធានក្លិបអ្នកកាសែតកម្ពុជាបានបញ្ជាក់ថា អាវក្រោះ និងមួកសុវត្ថិភាពដែលមានស្លាកសញ្ញាអ្នកសារព័ត៌មាន ឬ PRESS ជាសញ្ញាដ៏ចាំបាច់បំផុតសម្រាប់អ្នកសារព័ត៌មាននៅពេលកំពុងបំពេញការងារ នៅតំបន់ងាយរងគ្រោះ។ដោយមើលឃើញថា ការផ្តល់អាវក្រោះ និងមួកសុវត្ថិភាពចំនួន២លើកមកនេះ នៅតែមិនទាន់បានគ្រប់ចំនួនអ្នកសារព័ត៌មានដែលបាន និងកំពុងបំពេញបេសកកម្មយកព័ត៌មាននៅតាមបណ្តោយព្រំដែនដែលមានជម្លោះ ឬទីកន្លែង ងាយរងគ្រោះនោះឡើយនោះ
លោកពុយ គា បញ្ជាក់ថា ក្លឹបអ្នកកាសែតកម្ពុជា នឹងខិតខំបន្តស្វែងរកជំនួយពីសប្បុរសជនបន្ថែមទៀតដើម្បីបំពេញតម្រូវការចាំបាច់របស់អ្នកសារព័ត៌មាន។
តាមរយៈពិធីនេះប្រធានក្លឹបអ្នកកាសែតកម្ពុជាក៏បានថ្លែងអំណរគុណដល់សប្បុរសជននានា ជាពិសេសដល់ក្រុមហ៊ុនបុរីប៉េងហួត ដែលបានឧបត្ថម្ភ អាវក្រោះ មួកសុវត្ថិភាព និង Power Bank ដែលជាការគាំទ្រដល់សកម្មភាពរបស់អ្នកសារព័ត៌មានកម្ពុជានៅក្នុងបេសកកម្ម យកព័ត៌មាននៅតាមទីកន្លែងដូចបានរៀបរាប់ខាងលើ។
ជាមួយគ្នានេះលោកប្រធានក្លឹបអ្នកកាសែតកម្ពុជា បានកោតសរសើរចំពោះអ្នកសារព័ត៌មានទាំងអស់នៅកម្ពុជា ដែលបានខិតខំពុះពារការលំបាកធ្វើសេចក្តី រាយការណ៍ បទយកការណ៍ ផ្សព្វផ្សាយព័ត៌មានពិតជាច្រើនទាក់ទងនឹងការវាយប្រហាររបស់យោធាថៃមកលើកម្ពុជា ដែលនោះមិនគ្រាន់តែបង្ហាញពីតួនាទីដ៏មានសារសំខាន់សម្រាប់វិស័យសារព័ត៌មានប៉ុណ្ណោះទេ ប៉ុន្តែជាភស្តុតាង ឬកំណត់ ត្រាសម្រាប់ការស្រាវជ្រាវ និងចងក្រងឯកសារប្រវត្តិសាស្រ្តកម្ពុជាផងដែរ៕




ដោយ៖ម៉ាដេប៉ូ