ស្មារតី ៧ មករា ដក់ជាប់ក្នុងក្រអៅបេះដូង និងថែរក្សាកម្លាំងមហាសាមគ្គីជាតិដ៏រឹងមាំរបស់ប្រជាជនកម្ពុជា
ភ្នំពេញ ៖ ឆ្នាំនេះ កម្ពុជាប្រារព្ធខួបលើកទី ៤៧ នៃទិវាជ័យជម្នះ៧មករា ជាប្រវត្តិសាស្ត្រ ៧ មករា ១៩៧៩ – ៧ មករា ២០២៦។ ប្រជាជនកម្ពុជានៅតែចងចាំជានិច្ចក្នុងក្រៅបេះដូងនូវទិវាប្រវត្តិសាស្រ្ត ៧ មករា ដែលបានផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត សង្រ្គោះជាតិ និងប្រជាជនកម្ពុជា ឱ្យមានជីវិតរស់រានឡើងវិញ រួចផុតពីការកាប់សម្លាប់នៃរបបដ៏សាហាវយង់ឃ្នងនេះ ហើយបើកឡើងនូវសករាជថ្មីរបស់កម្ពុជា គឺឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម។
ការប្រារព្ធទិវាជាតិ ៧ មករា បានរំលឹកឱ្យប្រជាជាតិបានដឹងពីការផ្លាស់ប្តូរជាប្រវត្តិសាស្រ្តគ្រប់ដំណាក់កាល ការឆ្លងកាត់ការលំបាក និងឧបសគ្គជាច្រើនឥតគណនា ដើម្បីស្តារ កសាង និងការពារមាតុភូមិ ការស្វែងរកសន្តិភាព និងការផ្សះផ្សារជាតិ ធ្វើឲ្យប្រទេសជាតិ និងប្រជាជនកម្ពុជា បានរួចផុតពីស្ថានភាពនៃការវិនាសខ្ទេចខ្ទី និងសង្គ្រាមរុំារ៉ៃ ឈានដល់ដំណាក់កាលអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ ក្រោមម្លប់នៃសុខសន្តិភាពរបស់ថ្នាក់ដឹកនាំ និងឥស្សរជន នៃ«រណសិរស្សសាមគ្គីសង្រ្គោះជាតិកម្ពុជា» បច្ចុប្បន្នត្រូវបានដូរឈ្មោះជា «រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា» និងជាពិសេសការយកជីវិតធ្វើជាដើមទុនក្នុងការតស៊ូរំដោះប្រទេសជាតិពីរបបវាលពិឃាដនេះរហូតទទួលបានជោគជ័យនាថ្ងៃទី ៧ មករា ឆ្នាំ១៩៧៩ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា។
បន្ទាប់ពីទិវាជ័យជម្នះ ៧ មករា ប្រទេសកម្ពុជា បានបន្តជំហានទៅមុខក្នុងរយៈពេលជាង៤ទសវត្សរ៍ លើមាគ៌ាសន្តិភាព បង្រួបបង្រួមជាតិ ប្រជាធិបតេយ្យ និងអភិវឌ្ឍន៍ ក្រោមម្លប់នៃសន្តិភាព ប្រកបដោយមោទនភាពជាទីបំផុតរបស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដែលទទួលបានការគាំទ្រពីប្រជាជនគ្រប់ទិសទី គ្រប់មជ្ឈដ្ឋានជាប់ជានិច្ច។ សម្តេចតេជោ ហ៊ុន សែន បានដឹកនាំបង្កើតឱ្យមានជោគជ័យនៃនយោបាយឈ្នះ ឈ្នះ ដែលបានបង្កើតមូលដ្ឋានគ្រឹះ ដ៏រឹងមាំសម្រាប់សន្តិភាពដ៏យូរអង្វែង ការផ្សះផ្សាជាតិ និងការអភិវឌ្ឍរបស់កម្ពុជា។
បច្ចុប្បន្ន កម្ពុជាកំពុងបន្តបោះជំហានដ៏ស្វាហាប់ និងមុតស្រួច ឆ្ពោះទៅវឌ្ឍនភាព ដោយរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋរដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ រាជរដ្ឋាភិបាលបន្តវេនរបស់គណបក្សប្រជាជនកម្ពុជា បានដាក់ចេញនូវ «យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១» ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ព្រមទាំងកំណត់យកនូវឤទិភាពគន្លឹះចំនួន ៥៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ដែលមានការគិតគូរជាលក្ខណៈយុទ្ធសាស្រ្ត ដោយឈរលើគោលការណ៍ ២ សំខាន់ៗ គឺ៖ (ទី១). បន្តថែរក្សាឱ្យបាននូវសន្តិភាព ដែលជាកត្តាសត្យានុម័ត ក្នុងការកសាងខឿនអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ច និង (ទី២). បន្តកសាង និងពង្រឹងមូលដ្ឋានគ្រឹះ សម្រាប់ពន្លឿនកិច្ចអភិវឌ្ឍប្រទេសជាតិក្នុងដំណើរឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។
ការផ្លាស់ប្តូរដ៏សំខាន់ជាប្រវត្តិសាស្ត្ររបស់កម្ពុជា កើតចេញពីការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា ដែលរក្សាបានកម្លាំងសាមគ្គីភាពជាតិ មិនបែកបាក់ផ្ទៃក្នុង។ មិនបែកបាក់ ទោះបីស្ថិតក្នុងកាលៈទេសៈដែលពិភពលោកបន្តមានការវិវត្តដ៏ស្មុគស្មាញ ឯសភាពការណ៍ជាតិក៏ត្រូវជួបនឹងភាពប្រឈមថ្មីៗទៀត យ៉ាងណាក្តី ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត បានខិតខំពុះពារគ្រប់ឧបសគ្គ ដឹកនាំប្រទេស បន្តមានស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមមានភាពល្អប្រសើរ ជាពិសេសនោះ សេដ្ឋកិច្ចមានស្ថិរភាព និងសម្រេចបានកំណើនក្នុងរង្វង់ ៥,២% ក្នុងឆ្នាំ២០២៥ ហើយនៅឆ្នាំ២០២៦ រំពឹងថានឹងសម្រេចបានកំណើនជាង ៥%បន្តទៀ។ ជាមួយគ្នានេះ ក្នុងឆ្នាំ២០២៥ យោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គម្រោងវិនិយោគចំនួន៦៣០គម្រោង ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ១០ប៊ីលានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណ ៤៣៨ពាន់កន្លែង។ យោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ការចុះបញ្ជីគម្រោងវិនិយោគមានការកើនឡើង ៥២% ខណៈទំហំទុនវិនិយោគមានការកើនឡើង៤៥% បើប្រៀបធៀបនឹងឆ្នាំ២០២៤។
ជាមួយគ្នានេះ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគ្រប់ប្រភេទ បាន និងកំពុងត្រូវបានជំរុញយ៉ាងសកម្ម ជាពិសេសហេដ្ឋារចនាសម្ព័ន្ធគមនាគម តាមតំបន់ព្រំដែន ការសាងសង់ស្ពាន ផ្លូវ មន្ទីរពេទ្យ សាលារៀន អគារពាណិជ្ជកម្ម តំបន់អភិវឌ្ឍន៍គ្រប់ទីកន្លែង។ ជាក់ស្ដែង ថ្មីៗកន្លងមកនេះ អាកាសយានដ្ឋានអន្តរជាតិតេជោ បានសម្ពោធបើកឲ្យដំណើរការ ដែលជាការបោះជំហានដ៏សំខាន់មួយនៃភាពរីកចម្រើននៃសេដ្ឋកិច្ចកម្ពុជា។ សមិទ្ធផលទាំងអស់នេះ បានលើកកម្ពស់ការអភិវឌ្ឍប្រទេសថែមទៀត ជាពិសេសធ្វើឲ្យជីវភាពរស់នៅរបស់ប្រជាជនមានការរីកចម្រើននៅគ្រប់មូលដ្ឋានក្នុងប្រទេស។
រាជរដ្ឋាភិបាលកម្ពុជា ក្នុងស្ថានភាពមានជម្លោះព្រំដែនជាមួយប្រទេសថៃ បានទទួលការគាំទ្រពីប្រជាជនគ្រប់ទិសទី គឺកើតចេញពីកត្តាដែលយើងទាំងអស់គ្នាមានសាមគ្គីភាពជាតិតែមួយ។ ស្មារតីសាមគ្គីភាពជាតិកាន់តែលេចធ្លោត្រដែតឡើង មិនរលត់បាត់បងទៅណាឡើយ ចាប់តាំងពីថ្ងៃជ័យជម្នះ ៧ មករា ១៩៧៩។ ទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរគ្រប់ថ្នាក់ ទាំងនិយោជក បុគ្គលិក កម្មករកម្មការិនី ក្នុងវិស័យសាធារណៈ និងឯកជន ក្នុង និងក្រៅប្រព័ន្ធ សមត្ថកិច្ច និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ព្រះសង្ឃ បុព្វជិត អ្នកកាន់សាសនាទាំងអស់ និងប្រជាពលរដ្ឋគ្រប់ទិសទី បានបន្តចាប់ដៃគ្នា ជួយគ្នាក្នុងស្មារតីខ្មែរតែមួយ ឈរយ៉ាងស្វាហាប់ គាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា គាំទ្រដល់វីរកងទ័ពកម្ពុជាដ៏អង់អាចក្លាហាន ការពារបូរណភាពទឹកដីកម្ពុជា និងជួយពលរដ្ឋជនភៀសសឹក ដោយសារសង្រ្គាមឈ្លានពានទឹកដី នាពេលកន្លងទៅ។
ជាថ្មីម្ដងទៀត ប្រជាពលរដ្ឋទំាងអស់ ត្រូវបន្តជឿជាក់លើការដឹកនាំ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក្នុងការដោះស្រាយបញ្ហាព្រំដែន ជាមួយប្រទេសជិតខាងដោយសន្តិវិធី ប្រើប្រាស់យន្តការអន្តរជាតិ និងយន្តការទ្វេភាគី ខិតខំការពារ អធិបតេយ្យ និងបូរណភាពទឹកដី។ ទន្ទឹមនឹងនោះ យុវជនជំនាន់ក្រោយ ក៏ត្រូវបន្តស្មារតី៧មករា បន្តសាមគ្គីភាពជាតិខ្មែរតែមួយ ឱ្យរឹងមាំ មិនត្រូវឱ្យកម្លាំងប្រតិកិរិយាណាមួយមកបំបែកបំបាក់បានឡើយ និងខិតខំប្រឹងប្រែងរៀនសូត្រ អភិវឌ្ឍន៍ធនធានសមត្ថភាពឱ្យបានពេញលេញ ខ្លាំងក្លា ដើម្បីប្រទេសកម្ពុជា មានភាពរីកចម្រើន រុងរឿង ជានិច្ចនិរន្តរ៍៕

អត្ថបទ៖ ខ្វៃ អាទិត្យា