កូរ៉េខាងជើងបាញ់មីស៊ីលលឿនជាងសំលេងហោះចម្ងាយ ១,០០០ គីឡូម៉ែត្រ

ព្យុងយ៉ាង ៖ កូរ៉េខាងជើងបានធ្វើឱ្យពិភពលោកកើនឡើងការព្រួយបារម្ភ ជុំវិញការរត់ប្រណាំងអាវុធប្រល័យលោកទំនើបៗ តាមរយៈការបាញ់សាកល្បងមីស៊ីលល្បឿនលឿនជាងសំលេង មានសមត្ថភាពវាយប្រហារគោលដៅក្នុងចម្ងាយដល់ទៅ ១,០០០គីឡូម៉ែត្រ ។

បើតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង (KCNA), ការធ្វើតេស្តប្រព័ន្ធអាវុធល្បឿនលឿនជាងសំលេងកាលពីថ្ងៃអាទិត្យសប្តាហ៍មុននេះ គឺមានគោលបំណងពិនិត្យមើលការត្រៀមខ្លួនប្រយុទ្ធរបស់វា ការបង្កើនជំនាញបាញ់ដល់កងទ័ពមីស៊ីល និងវាយតម្លៃសមត្ថភាពប្រតិបត្តិការនៃប្រព័ន្ធទប់ស្កាត់សង្គ្រាម ។

ទន្ទឹមគ្នា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ដែលបានចុះពិនិត្យមើលដោយផ្ទាល់ ការធ្វើតេស្តបាញ់មីស៊ីលនេះ បាននិយាយថា តាមរយៈល្បែងសង្គ្រាមថ្ងៃនេះ បានសបញ្ជាក់ថា យើងត្រូវតែធ្វើឱ្យប្រសើរឡើងជាបន្តបន្ទាប់នូវមធ្យោបាយយោធា ជាពិសេសប្រព័ន្ធអាវុធវាយប្រហារសត្រូវ ។

លោក គីម មានវ័យ៤១ឆ្នាំរូបនេះ បានសង្កត់ធ្ងន់ថា សមយុទ្ធនេះ វាជាយុទ្ធសាស្ត្រដ៏សំខាន់មួយ ដើម្បីរក្សា ឬពង្រីកប្រព័ន្ធទប់ស្កាត់នុយក្លេអ៊ែរដ៏រឹងមាំ និងអាចទុកចិត្តបាន ចំពេលមានវិបត្តិភូមិសាស្ត្រនយោបាយថ្មីៗនេះ និងព្រឹត្តិការណ៍អន្តរជាតិដ៏ស្មុគស្មាញ ។

ការធ្វើតេស្តបាញ់មីស៊ីលល្បឿនលឿនជាងសំលេងនេះ ធ្វើឡើងក្រោយកូរ៉េខាងជើងប្រកាសថ្កោលទោសអាមេរិក ដែលវាយប្រហារលើវេណេស៊ុយអេឡា និងចាប់ពង្រត់មេដឹកនាំប្រទេសនេះយកទៅកាត់ទោស ។

កូរ៉េខាងជើងបានថ្កោលទោស និងរិះគន់ធ្ងន់ៗថា ជា «ការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាព» និងបានបង្ហាញម្តងទៀតនូវ «ចរិតអាក្រក់ និងសាហាវឃោរឃៅ» របស់អាមេរិក ហើយថា ការអភិវឌ្ឍមីស៊ីលជាច្រើនទសវត្សរ៍មកនេះរបស់ខ្លួន គឺដើម្បីទប់ស្កាត់ការប៉ន់ប៉ងលាបពណ៌ផ្លាស់ប្តូររបបដឹកនាំពីសំណាក់ទីក្រុងវ៉ាស៊ីនតោន ៕

ប្រភព ៖ al jazeera ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner