អភិបាលរាជធានីភ្នំពេញ អញ្ជើញពិនិត្យអំណោយដែលសប្បុរសជនដើម្បីបែងចែកជូនដល់វីរកងទ័ពជួរមុខ និង ជនភៀសសឹក
(ភ្នំពេញ)៖នារសៀលថ្ងៃទី៥មករា២០២៦នេះ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអញ្ជើញពិនិត្យមើលទីតាំង ប្រគល់ទទួលអំណោយជាមួយនិងការពិនិត្យអំណោយ ដែលសប្បុរសជនបានប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញដើម្បីបែងចែកជូនដល់វីរកងទ័ពជួរមុខនិង ជនភៀសសឹក។ ថវិកា គ្រឿងឧបភោគ បរិភោគ និងសំភារៈចាំបាច់មួយចំនួន សប្បុរសជននៅតែបន្តនាំមកប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីយកទៅ ចែកជូនដល់វីរកងទ័ពជួរមុខនិង ជនភៀសសឹក បើទោះបីមានបទឈប់បាញ់ ហើយជនភៀសសឹកមួយចំនួនត្រូវបានត្រឡប់ទៅលំនៅដ្ឋាន ជាមួយនិងវីរកងទ័ពកម្ពុជាទាំង១៨រូប ក៏ត្រូវបានដោះលែង បញ្ជូនមកដល់កម្ពុជាដោយសុវត្ថិភាពវិញក៏ដោយ។

នៅថ្ងៃទី០៥ មករា ២០២៦នេះ អាជ្ញាធររាជធានីភ្នំពេញ នៅតែបន្តទទួលអំណោយពីសប្បុរសជន នៅសាលារាជធានីភ្នំពេញ ក្រោមវត្តមាន ឯកឧត្ដម ហួត ហៃ ឯកឧត្ដម ឆាយ វីរៈ និង ឯកឧត្ដម ឯក ឃុនដឿន អភិបាលរង តំណាង ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញមួយចំនួនទៀត។ ទឹកត្រី ទឹកស៊ីអ៊ីវ ខ្ទឹមស គ្រឿងឧបភោគ បរិភោគ និងសំភារៈចាំបាច់មួយចំនួន នៅតែបន្តប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញជាបន្តបន្ទាប់។

ក្នុងឱកាសនោះ ឯកឧត្ដម ហួត ហៃ ក្នុងនាម ឯកឧត្ដម ឃួង ស្រេង បានថ្លែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះ សប្បុរសជនទាំងអស់ដែលបាននាំយកអំណោយមកជូនមករដ្ឋបាលរាជធានីភ្នំពេញ ដើម្បីយកទៅ ចែកជូនដល់វីរកងទ័ពជួរមុខ និងជនភៀសសឹក។ ទឹកចិត្តដ៏សប្បុរសនេះ ពិតជាបានរួមចំណែកលើកទឹកចិត្តដល់កងកម្លាំងប្រដាប់អាវុធជួរមុខទាំងអស់ ដែលបានខិតខំការពារខ្សែបន្ទាត់ព្រំដែន និងការពារបូរណភាពទឹកដីឱ្យបានរឹងមាំ ដែលបានឆ្លុះ បញ្ចាំងពីខឿនការពារជាតិប្រជាជនស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ៕
អត្ថបទ ៖ ឈឹម សុផល
រូបភាព ៖ ហេង សម្បត្តិ និង ថេត វិចិត្រ


