សម្ដេចតេជោ ហ៊ុន សែន ៖បន្ទាប់ពីជ័យជម្នះ៧មករា កម្ពុជាបានបញ្ចប់សង្គ្រាមដ៏រ៉ាំរ៉ៃ
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ប្រធានគណបក្សប្រជាជនកម្ពុជាបានមានប្រសាសន៍ថា បន្ទាប់ពីថ្ងៃជ័យជម្នះ៧មករា ប្រជាជនកម្ពុជាបានរួមសាមគ្គីគ្នាពុះពារឆ្លងកាត់ឧបសគ្គ និងការលំបាករាប់ម៉ឺនសែនជំពូក ដើម្បីការពារការរស់ឡើងវិញរបស់ប្រជាជាតិ ស្តារ និងកសាងមាតុភូមិឡើងវិញជាជំហានៗពីគំនរផេះផង់ ។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ប្រធានគណបក្សប្រជាជនកម្ពុជាបានបញ្ជាក់ក្នុងសារជូនជនរួមជាតិឱកាសរំឭកខួបទី ៤៧ នៃទិវាជ័យជម្នះ៧ មករាដោយបានរំលឹកថា បន្ទាប់ពីថ្ងៃជ័យជម្នះ៧មករា ប្រជាជនកម្ពុជាបានរួមសាមគ្គីគ្នាពុះពារឆ្លងកាត់ឧបសគ្គ ដោយសម្រេចបានសមិទ្ធផលធំៗជាប្រវត្តិសាស្ត្រយ៉ាងច្រើនប្រកបដោយមោទនភាព ហើយកំពុងបន្តឈានទៅមុខយ៉ាងស្វាហាប់លើមាគ៌ាសន្តិភាព ប្រជាធិបតេយ្យ និងអភិវឌ្ឍន៍។
សម្ដេចតេជោ ហ៊ុន សែន បានបន្តថា ក្នុងឆន្ទៈយ៉ាងមោះមុត យើងបានបញ្ចប់សង្គ្រាមដ៏រ៉ាំរ៉ៃធ្វើឱ្យប្រទេសជាតិមានសន្តិភាពពេញលេញ មានលទ្ធិប្រជាធិបតេយ្យដែលចាក់ឫសជ្រៅក្នុងសង្គម និងមានសេដ្ឋកិច្ចចម្រើនលូតលាស់យ៉ាងលឿន ធ្វើឱ្យប្រជាជនមានជីវភាពកាន់តែប្រសើរឡើង។
សម្ដេចតេជោគូសរំលេចថា នេះជាការផ្លាស់ប្តូរយ៉ាងធំធេងរបស់កម្ពុជាអាស្រ័យដោយមានការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា និងកម្លាំងមហាសាមគ្គីរបស់ប្រជាជន ព្រមទាំងការជួយឧបត្ថម្ភគាំទ្រពីបណ្តាប្រទេសជាមិត្ត និងសហគមន៍អន្តរជាតិ៕
ដោយ៖វណ្ណលុក




