មេដឹកនាំ កាណាដា និងចិន គ្រោងពិភាក្សាពីបញ្ហាពាណិជ្ជកម្ម ឆ្លើយតបសង្គ្រាមពន្ធលោក ត្រាំ

អូតាវ៉ា ៖ មេដឹកនាំកាណាដានឹងធ្វើទស្សនកិច្ចជាផ្លូវការទៅកាន់ប្រទេសចិននៅសប្តាហ៍ក្រោយ ខណៈដែលរដ្ឋាភិបាលទីក្រុងអូតាវ៉ា កំពុងព្យាយាមកសាងទំនាក់ទំនងជាមួយមហាអំណាចនៅអាស៊ីមួយនេះឡើងវិញ និងកាត់បន្ថយការពឹងផ្អែកផ្នែកសេដ្ឋកិច្ចលើសហរដ្ឋអាមេរិក នៅពេលលោកប្រធានាធិបតី ដូណាល់ ត្រាំ កំពុងលេងល្បែងសង្គ្រាមពន្ធគយ ។

បើតាមសារព័ត៌មាន The straits times, លោកនាយករដ្ឋមន្ត្រីកាណាដា Mark Carney នឹងជួបជាមួយលោកប្រធានាធិបតីចិន ស៊ី ជីនពីង ក្នុងកំឡុងទស្សនកិច្ចនេះ ដើម្បីពិភាក្សាពីបញ្ហាពាណិជ្ជកម្ម វិស័យថាមពល កសិកម្ម និងសន្តិសុខអន្តរជាតិ ។ នេះបើយោងតាមការិយាល័យរបស់នាយករដ្ឋមន្រ្តីកាណាដា កាលពីថ្ងសពុធ ។

ការបំពេញទស្សនកិច្ចនៅសប្តាហ៍ក្រោយ នឹងក្លាយជាដំណើរទស្សនកិច្ចលើកដំបូងរបស់មេដឹកនាំកាដាណាទៅកាន់ចិន ក្នុងរយៈពេលជិតមួយទសវត្សរ៍ ចាប់តាំងពីទំនាក់ទំនងមានភាពល្អក់កកររវាងប្រទេសទាំងពីរ ។

តួយ៉ាង កាណាដា និងចិនបានដាក់ពន្ធលើការនាំចេញរបស់គ្នាទៅវិញទៅមក ដោយនៅឆ្នាំ ២០២៤ ទីក្រុងអូតាវ៉ាបានដំឡើងពន្ធនាំចូលលើរថយន្តអគ្គិសនីរបស់ចិន ដែកថែប និងអាលុយមីញ៉ូម ដែលមួយផ្នែកដើម្បីតម្រឹមគោលនយោបាយពាណិជ្ជកម្មរបស់ខ្លួនជាមួយអាមេរិក ។ ទន្ទឹមគ្នា ចិនបានសងសឹកវិញ ដោយដាក់ពន្ធថ្មីលើផលិតផលកសិកម្មរបស់កាណាដា ។

បើតាមទិន្នន័យរបស់រដ្ឋាភិបាលកាណាដា, ចិនគឺជាដៃគូពាណិជ្ជកម្មធំទីពីររបស់កាណាដា បន្ទាប់ពីសហរដ្ឋអាមេរិក ជាមួយនឹងទំហំពាណិជ្ជកម្មសរុបជាង ៨៥ពាន់លានដុល្លារក្នុងឆ្នាំ ២០២៤ ៕

ប្រភព ៖ The Straits Times ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner