ឆ្នាំ២០២៥កម្ពុជាសម្រេចបានទំហំពាណិជ្ជកម្ម៦៥,២០ពាន់លានដុល្លារអាមេរិក
ភ្នំពេញ៖ឆ្នាំ២០២៥កន្លងទៅទំហំពាណិជ្ជកម្មកម្ពុជាសម្រេចបាន៦៥,២០ ពាន់លានដុល្លារអាម៉េរិក គឺកើនឡើងក្នុងរង្វង់១៨ភាគរយ ក្នុ្ងងនោះការនាំចេញក៏មានកំណើន១៧ភាគរយ ។ក្រសួងក៏កំពុងអនុវត្តតាមចក្ខុវិស័យពង្រឹងទីផ្សារចាស់ ពង្រីកទីផ្សារថ្មីផងដែរ។នេះជាការបញ្ជាក់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម។

ក្រសួងពាណិជ្ជកម្មបានប្រារព្ធសន្និបាតបូកសរុបលទ្ធផលប្រចាំ ឆ្នាំកាលពីព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ ។ក្នុងឱកាសនេះលោកជំទាវរដ្ឋមន្រ្តី ចម និម្មល បានប្រាប់សមាជិកអង្គសន្និបាតថា ឆ្នាំ២០២៥កន្លងទៅ ការនាំចេញផលិតផលកម្ពុជាបានកើនឡើងដល់១៦៩ប្រទេស ខណៈនៅឆ្នាំ២០២៤មានប្រមាណ ១៦៤ប្រទេស។លោកជំទាវបន្ថែមថា កំណើននេះស្របតាមផែនការដែលបានកំណត់។

ទំនិញសំខាន់ៗរបស់កម្ពុជាសម្រាប់ការនាំចេញរួមមាន សម្លៀកបំពាក់ ផលិតផលធ្វើដំណើរ កាបូប ស្បែកជើង គ្រឿងអេឡិចត្រូនិក សំបកកង់រថយន្ត ទៅចក្រយាន ដំឡូងមី ស្វាយចន្ទីរ អង្ករ ម្រេច ស្ករតោ្នត និងជ័រកៅស៊ូជាដើម។

រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មបានកត់សម្គាល់លើផលិតផលមួយចំនួនដូចជា ខ្សែភ្លើងនិងបង្គុំខ្សែភ្លើង ,ប្រដាប់ប្រដាក្មេងលេង, អំពូលនិងបរិក្ខា បំភ្លឺ គ្រឿងសង្ហាររឹម និងចំណីសត្វ ។ល។ មានការកើនឡើងខ្លាំង ខណៈក្រសួងក៏បានជំរុញកសិកផលទីផ្សារក្នុងស្រុក ដែរ។

លោកជំទាវរដ្ឋមន្រ្តីនៅបានអះអាងទៀតថា ក្រសួងបានសម្របសម្រួលដោះស្រាយទីផ្សារសំរាប់ដំណាំល្ពៅ និងល្ហុង ដោយបានតភ្ជាប់បណ្តាញជាមួយនឹងបណ្តាផ្សារទំនើបធំៗ ដើម្បីប្រមូលទិញល្ពៅចំនួន ២១.៦០០តោននៅខេត្តព្រះវិហារ និងល្ហុងចំនួន១៥៧តោននៅខេត្តកណ្តាល ។ក្រសួងបានជំរុញការចុះអនុស្សរណៈយោគយល់គ្នាជាមួយក្រុមហ៊ុនផលិតចំណីសត្វក្នុងស្រុកចំនួន ១០ ប្រមូលទិញពោតក្រហម ដំឡូងមី និងចុងអង្ករ កន្ទក់សរុប ៨៨ម៉ឺនតោនក្នុងមួយឆ្នាំសម្រាប់ផលិតចំណីសត្វ។ក្រសួងពាណិជ្ជកម្មក៏បានរក្សានូវសេ្ថរភាពទំនិញនៅលើទីផ្សារ ទៅលើតម្លៃទំនិញសម្រាប់ជីវភាព ,ការសម្របសម្រួលថ្លៃលក់រាយប្រេងឥន្ទនៈតាមស្ថានីយ ដោយផ្អែកទៅតាមតម្លៃស្ថិតនៅលើទីផ្សារអន្តរជាតិ ផងដែរ។

លោកជំទាវ ចម និម្មល បានហៅសមិទ្ធផលប្រចាំ២០២៥ ជាលទ្ធផលនៃការដាក់ចេញនូវផែនការដ៏មុតស្រួចជាបន្តបន្ទាប់របស់រាជរដ្ឋាភិបាល ក្នុងការជំរុញការធ្វើពិពិធកម្មពាណិជ្ជកម្មក្នុងស្រុក និងការនាំចេញ តាមរយៈវិធានការបង្កើនតម្លៃបន្ថែមនៅក្នុងខ្សែច្រវាក់តម្លៃ ពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងស្រុក តំបន់ និងសកល ។លើកស្ទូយធុរកិច្ចថ្មី សហគ្រិនភាព និងបន្តធ្វើឱ្យប្រសើរឡើង នូវកិច្ចសម្រួលពាណិជ្ជកម្ម ដើម្បីអាចសម្របសម្រួលនូវភាពប្រកួតប្រជែង និងប្រសិទ្ធភាពខ្ពស់នៅក្នុងបរិបទពាណិជ្ជកម្មឌីជីថលជាដើម។

ទន្ទឹមនេះ ក្រសួងពាណិជ្ជកម្មបានទទួលស្គាល់ថា វិស័យពាណិជ្ជកម្មរបស់កម្ពុជាក៏ទទួលរងឥទ្ធិពលនៃបរិបទមិនប្រាកដប្រជាខ្ពស់នៃសេដ្ឋកិច្ចពាណិជ្ជកម្មសកលផងដែរ ក្នុងនោះក៏មានជម្លោះព្រំដែនកម្ពុជា-ថៃ ផងដែរ។ប៉ុន្តែរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មបានបង្ហាញពីមាគ៌ានៃការបន្តដំណើរ គឺក្រសួងបោះជំហានយ៉ាងស្វាហាប់ដោយបានធ្វើសមាហរណកម្មទៅក្នុងសេដ្ឋកិច្ចតំបន់និងពិភពលោក ស្របតាមចក្ខុវិស័យ និងអភិក្រម ពង្រឹងទីផ្សារចាស់ និងពង្រីកទីផ្សារថ្មី និងបន្តអនុវត្តនូវអនុសាសន៍កែទម្រង់រស់,មិនកែទម្រង់ស្លាប់ សំដៅលើកកម្ពុស់អភិបាលកិច្ចស្ថាប័ន ពង្រឹងប្រសិទ្ធភាពនៃការផ្តល់សេវាសារធារណៈ ដើម្បីអភិវឌ្ឍន៍វិស័យពាណិជ្ជកម្មប្រកបដោយចីរភាព៕
អត្ថបទ៖ង៉ាន់ ទិត្យ
រូបភាព៖រិន រចនា

