លោក ត្រាំ ថា អាមេរិកនឹងចាប់ផ្តើមវាយប្រហារផ្លូវគោកប្រឆាំងក្រុមជួញដូរគ្រឿងញៀន Cartels នៅម៉ិកស៊ិក
វ៉ាស៊ីនតោន ៖ មេដឹកនាំអាមេរិកបានប្រកាសនៅថ្ងៃព្រហស្បតិ៍ថា យោធាអាមេរិកនឹងចាប់ផ្តើមវាយប្រហារផ្លូវគោកប្រឆាំងក្រុមជួញដូរគ្រឿងញៀន Cartels នៅម៉ិកស៊ិក បន្ថែមពីលើការវាយលុកតាមផ្លូវទឹកនៅមហាសមុទ្រប៉ាស៊ីហ្វិកខាងកើត និងការ៉ាប៊ីន ប៉ុន្តែលោកមិនបានបញ្ជាក់លំអិតទេ ។
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រាប់ក្នុងបទសម្ភាសន៍មួយជាមួយទូរទស្សន៍ Fox News ថា ចាប់ពីពេលនេះទៅ យើងនឹងផ្តើមវាយប្រហារផ្លូវគោកប្រឆាំងនឹងក្រុមជួញដូរគ្រឿងញៀន Cartels ។ លោកថា ពួករត់ពន្ធគ្រឿងញៀនដ៏ល្បីនេះ កំពុងតែគ្រប់គ្រងប្រទេសម៉ិកស៊ិក ។
ការព្រមានរបស់លោក ត្រាំ កើតឡើងបន្ទាប់ពីអាមេរិកបានបង្កការភ្ញាក់ផ្អើលដល់ពិភពលោក នៅពេលចាប់ខ្លួនលោកប្រធានាធិបតីវេណេស៊ុយអេឡា នីកូឡាស់ ម៉ាឌូរ៉ូ និងជំទាវទី១របស់គាត់ កាលពីចុងសប្តាហ៍មុន ហើយថែមទាំងបានសម្លាប់មនុស្សច្រើនជាង ១០០នាក់ ។
បើតាមសារព័ត៌មាន AFP, ការពង្រីកប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងក្រុម Cartels នៅម៉ិកស៊ិក ត្រូវបានគេរំពឹងថា ភាពតានតឹងនឹងកាន់តែរីកធំឡើង ដោយសារយោធាអាមេរិក ខណៈដែលរដ្ឋាភិបាលបណ្តោះអាសន្នឆ្វេងនិយមវេណេស៊ុយអេឡាបានចាត់ទុកការវាយប្រហាររបស់អាមេរិកលើប្រទេសខ្លួន គឺជាការគំរាមកំហែងដល់ស្ថេរភាពក្នុងតំបន់ ៕
ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា