ក្រុមហ៊ុន អាមេរិក រកឃើញកំណប់ប្រេងជាង ៤៣០ លានបារ៉ែលនៅ វៀតណាម
ហាណូយ ៖ ក្រុមហ៊ុនឥន្ធនៈហ្វូស៊ីលអាមេរិក Murphy Oil កាលពីថ្ងៃព្រហស្បតិ៍ប្រកាសរកឃើញកំណប់ប្រេងជាង ៤៣០ លានបារ៉ែលនៅតំបន់ឆ្នេរសមុទ្រ Cuu Long ភាគខាងត្បូងប្រទេសវៀតណាម ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានជប៉ុន Nikkei Asia ។
ក្រុមហ៊ុន Murphy Oil អះអាងថា ការរកឃើញប្រេងដ៏ច្រើនសន្ធឹកសន្ធាប់នេះអាចប្រែមុខមាត់វៀតណាមពីប្រទេសនាំចូលប្រេងទៅជាប្រទេសមានសក្ដានុពលនាំចេញប្រេងទៅវិញ ។
ជាក់ស្ដែង មុនរុករកឃើញនេះ ពោលចន្លោះពីឆ្នាំ ២០០៥ ដល់ឆ្នាំ ២០២៥ ទិន្នផលប្រេងរបស់ប្រទេសវៀតណាមបានធ្លាក់ចុះពី ៣៦ ម៉ឺន ៥ ពាន់បារ៉ែលក្នុងមួយថ្ងៃមកនៅខាងក្រោម ១២ ម៉ឺនបារ៉ែលនៅក្នុងមួយថ្ងៃ ។
ការរុករកចុងក្រោយរបស់ខ្លួនលើកនេះគឺជាការប្រទះឃើញមានវត្តមានធនធានប្រេងដ៏ធំបំផុតមិនធ្លាប់មានក្នុងរយៈពេល ២០ ឆ្នាំសម្រាប់តំបន់អាស៊ាន ។
ចំណែកការរកឃើញប្រេងដ៏ច្រើនសន្ធឹកសន្ធាប់ពីមុននៅតំបន់អាស៊ានគឺនៅតំបន់ឆ្នេរ Banyu Urip ក្នុងប្រទេសឥណ្ឌូណេស៊ីកាលពីឆ្នាំ ២០០១ ខណៈមួយទៀតគឺនៅតំបន់ Gumusut ក្នុងប្រទេសម៉ាឡេស៊ីកាលពីឆ្នាំ ២០០៣ ៕
ប្រភពពី Nikkei Asia ប្រែសម្រួល ៖ សារ៉ាត