អ៊ីស្រាអែល ថា លែងចង់បានជំនួយយោធាពីអាមេរិក ដើម្បីឈរដោយខ្លួនឯង
ហ្ស៊េរុយសាឡិម ៖ លោកនាយករដ្ឋមន្ត្រី បេនចាមីន ណេតាន់យ៉ាហ៊ូ បានអះអាងថា ប្រទេសអ៊ីស្រាអែល លែងចង់បានជំនួយយោធា ពីសហរដ្ឋអាមេរិកទៀតហើយ ព្រោះដើម្បីអាចឈរដោយខ្លួនឯងបាន។
នៅក្នុងបទសម្ភាសន៍មួយ ដែលត្រូវបានចេញផ្សាយ កាលពីថ្ងៃសុក្រ, លោក Netanyahu បាននិយាយថា លោកចង់ឲ្យអ៊ីស្រាអែលទប់ទល់ ដោយគ្មានជំនួយពីសហរដ្ឋអាមេរិក ក្នុងរយៈពេល ១ទសវត្សរ៍។
លោកបាននិយាយ រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបានយល់ព្រមលក់សម្ភារៈយោធា រាប់សិបលានដុល្លារ ដើម្បីជួយដល់សង្គ្រាម របស់អ៊ីស្រាអែល ប្រឆាំងនឹងក្រុមហាម៉ាស នៅតំបន់ហ្គាហ្សា ហើយទំនាក់ទំនងការពារជាតិជិតស្និទ្ធ រវាងប្រទេសទាំងពីរ មានអាយុកាលរាប់ទសវត្សរ៍។
លោកបានប្រាប់សារព័ត៌មាន The Economist ថា «នៅក្នុងដំណើរទស្សនកិច្ចរបស់ខ្ញុំ ទៅជួបប្រធានាធិបតី Trump, ខ្ញុំបាននិយាយថា យើងដឹងគុណយ៉ាងខ្លាំង ចំពោះជំនួយយោធា ដែលអាមេរិកបានផ្តល់ឱ្យយើង ក្នុងរយៈពេលជាច្រើនឆ្នាំ…ប៉ុន្តែ យើងក៏មានវ័យចំណាស់ដែរ យើងបានអភិវឌ្ឍសមត្ថភាព មិនគួរឱ្យជឿ ហើយសេដ្ឋកិច្ចរបស់យើង នឹងឆាប់ឡើង ដល់១ទ្រីលានដុល្លា…ដូច្នេះ ខ្ញុំចង់កាត់បន្ថយជំនួយយោធា ក្នុងរយៈពេល ដប់ ឆ្នាំខាងមុខ»។
អ៊ីស្រាអែលទទួលបានជំនួយហិរញ្ញវត្ថុប្រចាំឆ្នាំ ប្រមាណ ៣.៨ពាន់លានដុល្លារ ពីសហរដ្ឋអាមេរិកសម្រាប់ការទិញអាវុធ ក្រោមកិច្ចព្រមព្រៀង ដែលបានចុះហត្ថលេខា ក្នុងឆ្នាំ២០១៦ ហើយបានចូលជាធរមាន ក្នុងឆ្នាំ២០១៩ និង មានសុពលភាព ដល់ឆ្នាំ២០២៨។
យោងតាមក្រុមប្រឹក្សាទំនាក់ទំនងបរទេស, អ៊ីស្រាអែលបានទទួលជំនួយផ្នែកយោធា និងសេដ្ឋកិច្ច ជាង៣០០ពាន់លានដុល្លារ ចាប់តាំងពីការបង្កើតប្រទេសនេះឡើង នៅក្នុងឆ្នាំ១៩៤៨៕
ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត