កូរ៉េខាងជើង ថា ដ្រូនកូរ៉េខាងត្បូងបំពានអធិបតេយ្យរបស់ខ្លួន
ព្យុងយ៉ាង ៖ កូរ៉េខាងត្បូងបានបាញ់បង្ហោះដ្រូន ចូលក្នុងដែនអាកាសរបស់កូរ៉េខាងជើង ដែលជាទង្វើបំពានលើអធិបតេយ្យ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA ចេញផ្សាយ នៅថ្ងៃសៅរ៍ ទី១០ ខែមករានេះ។
KCNA បានឱ្យដឹងថា ដ្រូនដែលមានប្រភពចេញពីកោះមួយ នៅក្នុងទីក្រុង Incheon របស់កូរ៉េខាងត្បូង បានហោះក្នុងចម្ងាយ ៨ គីឡូម៉ែត្រ ប៉ុន្តែ ត្រូវបានបាញ់ទម្លាក់ នៅក្នុងដែនអាកាសកូរ៉េខាងជើង។
អ្នកនាំពាក្យយោធាកូរ៉េខាងជើង អះអាងថា ដ្រូនខាងលើត្រូវបានបំពាក់ដោយកាមេរ៉ាស៊ើបការណ៍ ដើម្បីផ្តិតយករូបភាព រោងចក្រសំខាន់ៗ ក្នុងនោះ រូបថតដែលត្រូវបានបង្ហាញតាម ទូរទស្សន៍រដ្ឋកូរ៉េខាងជើង KCNA បានបង្ហាញពីបំណែកដ្រូន គ្រឿងអេឡិចត្រូនិក និង រូបថតនៃអគារ។
តាម KCNA, ឧបទ្ទវហេតុដ្រូននេះ បានកើតឡើង កាលពីថ្ងៃទី៤ ខែមករា ពោលគឺបន្ទាប់ពីដ្រូនរបស់កូរ៉េខាងត្បូងមួយគ្រឿងផ្សេងទៀត បានបំពានចូលដែនអាកាសកូរ៉េខាងជើង ផងដែរ កាលពីខែកញ្ញា ឆ្នាំ២០២៥ កន្លងទៅ៕
ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត
