តួកគី បញ្ចេញថវិការ ២៧ ពាន់លានដុល្លារ ពង្រឹងវិស័យការពារជាតិនៅឆ្នាំ ២០២៦

អង់ការ៉ា ៖ ប្រទេសតួកគីត្រៀមបញ្ចេញកញ្ចប់ថវិកាប្រមាណ ២៧,៣៤ ពាន់លានដុល្លារ ពង្រឹងវិស័យការពារជាតិ និងសន្តិសុខក្នុងឆ្នាំ ២០២៦ ខណៈដែលកាចំណាយនេះ កើនឡើងចំនួន ៣០ភាគរយ បើធៀបនឹងឆ្នាំ ២០២៥ ។

សភាតួកគីបានអនុម័តកញ្ចប់ថវិកានេះកាលពីចុងខែធ្នូឆ្នាំមុន ហើយវាបានចូលជាធរមាននៅថ្ងៃទី១ ខែមករា ឆ្នាំ ២០២៦ ។ ក្នុងចំណោមថវិកាសរុប ក្រសួងការពារជាតិតួកគី នឹងទទួលបានថវិកាចំនួន ១៩,០៨ពាន់លានដុល្លារ កើនឡើងចំនួន ៣១,៦% បើធៀបនឹងឆ្នាំ ២០២៥ ។

បើតាមសារព័ត៌មាន defense News, ក្រសួងការពារជាតិតួកគីនឹងបែងចែងថវិកាដែលខ្លួនទទួលបាននោះ ចំនួន ៥៣,៩ភាគរយ ចំណាយទៅលើមន្រ្តីយោធា និងសន្តិសុខសង្គម និង ៤៤,១ភាគរយសម្រាប់ផ្នែកលទ្ធកម្ម ហើយនៅសល់ត្រូវបានបែងចែកទៅចំណាយផ្នែកមូលធនផ្សេងទៀត ។

យោងតាមក្រសួងហិរញ្ញវត្ថុតួកគី, ថវិកាការពារជាតិ និងសន្តិសុខចំនួន ២៧,៣៤ពាន់លានដុល្លារនេះ ស្មើនឹង ២,៣៣ភាគរយ នៃផលិតផលក្នុងស្រុកសរុប ស្របតាមគោលនយោបាយរបស់អង្គការណាតូ ។

ក្រសួងបានព្យាករណ៍ថា ការចំណាយលើវិស័យការពារជាតិតួកគី អាចនឹងកើនឡើងបន្ថែមទៀតរហូតដល់ ២,៨៣% នៃផលិតផលក្នុងស្រុកសរុបនៅឆ្នាំ ២០២៧ និង ៣,២ភាគរយ នៅឆ្នាំ ២០២៨ ។

ការកើនឡើងនេះ ក៏ស្របតាមនិន្នាការកាន់តែទូលំទូលាយរបស់ប្រទេសតួកគីឆ្ពោះទៅរកការបង្កើនការចំណាយលើវិស័យយោធា និងគូសបញ្ជាក់ពីការគាំទ្រសម្រាប់កម្មវិធីលទ្ធកម្មធំៗ រួមមានយន្តហោះចម្បាំង KAAN និងស្ថាបត្យកម្មការពារដែនអាកាស Steel Dome ៕

ប្រភព ៖ Defense News ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner