ស៊ុយអែត ថា ពិភពលោកដើរលើផ្លូវគ្រោះថ្នាក់ ក្រោយអាមេរិកវាយវេណេស៊ុយអេឡា
ស្តុកខុល ៖ នាយករដ្ឋមន្ត្រីស៊ុយអែត បានចេញមុខមកអះអាងថា ប្រតិបត្តិការលើប្រទេសវេណេស៊ុយអេឡារបស់អាមេរិក រំលោភច្បាប់អន្តរជាតិ និង ធ្វើឲ្យពិភពលោកដើរលើផ្លូវគ្រោះថ្នាក់។
លោក Ulf Kristersson នាយករដ្ឋមន្ត្រីប្រទេសស៊ុយអែត មានប្រសាសន៍ថា «ពិភពលោកកំពុងស្ថិតនៅលើផ្លូវដ៏គ្រោះថ្នាក់ បន្ទាប់ពីសហរដ្ឋអាមេរិក វាយប្រហារ លើវេណេស៊ុយអេឡា»។
ថ្លែងនៅក្នុងវេទិកាកំពូលរបស់ប្រទេស ស្តីពីសន្តិសុខ និងការពារជាតិ, លោក Kristersson និយាយទៀតថា «ប្រតិបត្តិការយោធា របស់ទីក្រុងវ៉ាស៊ីនតោន និងការចាប់ខ្លួនប្រធានាធិបតីវេណេស៊ុយអេឡា លោក Nicolas Maduro បំពានច្បាប់អន្តរជាតិ និង បង្កហានិភ័យ តាមរយៈការលើកទឹកចិត្តឱ្យប្រទេសជាច្រើនទៀតធ្វើសកម្មភាពតាមរបៀបនេះ ដូចគ្នា»។
គួររម្លឹកថា កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២៦ កម្លាំងយោធាអាមេរិក បានវាយឆ្មក់ប្រទេសវេណេស៊ុយអេឡា និង បានចូលទៅចាប់ខ្លួនលោកប្រធានាធិបតី នីកូឡាស់ ម៉ាឌូរ៉ូ ដល់រដ្ឋធានីការ៉ាកាស រួចនាំខ្លួនយកមកពីកាត់ទោស នៅទឹកដីអាមេរិក ជុំវិញបញ្ហាគ្រឿងញៀន៕
ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត