ដៃគូអភិវឌ្ឍន៍ និងជាមិត្តបានជួយឧបត្ថម្ភជ្រោមជ្រែងកម្ពុជា បន្ទាប់ពីថៃឈ្លានពាន
ភ្នំពេញ៖នៅក្នុងគ្រាដ៏លំបាកនេះប្រទេសកម្ពុជាទទួលបាននូវការជួយជ្រោមជ្រែងពីបណ្តាប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍន៍នានា ក្នុងនោះប្រទេសជប៉ុនបានផ្តល់នូវជំនួយឥតសំណងជាទឹកប្រាក់ប្រមាណ ១១.៣លានដុល្លារអាម៉េរិកសម្រាប់ការអនុវត្តគម្រោងសមាហរណកម្ម បោសសម្អាតមីន និងសង្គ្រោះជនពិការដោយសារគ្រាប់មីន ដំណាក់កាលទី៣ និងទឹកប្រាក់ប្រមាណ ៧.៦លានដុល្លារអាម៉េរិកផ្សេងទៀតសម្រាប់អនុវត្តគម្រោងជំនួយម៉ាស៊ីនស្គែនកុងទឺន័រ នៅឯចំណតកុងទឺន័រថ្មី នៃកំពង់ផែក្រុងព្រះសីហនុ។នេះជាការថ្លែងបញ្ជាក់ពីសំណាក់ឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល។
ថ្លែងក្នុងការធ្វើបច្ចុប្បន្នភាពស្តីពីស្ថានការណ៍ព្រំដែនកម្ពុជា ថៃ នាព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន បូណា បានលើកឡើងថា កាលពីអំឡុង ខែ សីហា ឆ្នាំ២០២៥ កន្លងទៅប្រទេសជប៉ុនក៏បានផ្តល់ជំនួយមនុស្សធម៌ជាទឹកប្រាក់ប្រមាណ ១.៨លានដុល្លារអាម៉េរិក តាមរយៈអង្គការ IOM និង UNICEF ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការបន្ទាន់សម្រាប់ជនភៀសសឹកនៅតាមបណ្តាយព្រំដែន កម្ពុជា ថៃ។
អ្នកនាំពាក្យរាជរដ្ឋាភិបាលបានគូសបញ្ជាក់ដែរថាក្រៅពីទាំងនេះគេក៏ឃើញផងដែរក្នុងប្រទេសសហរដ្ឋអាមេរិកវិញ ក្រៅពីបន្តជំរុញការរក្សាបទឈប់បាញ់ និងចង់ឃើញសន្តិភាពយូរ អង្វែងរវាងកម្ពុជា និងថៃ ក៏បានប្រកាសផ្តល់ជំនួយប្រមាណ ១៥លានដុល្លារអាម៉េរិកសម្រាប់គាំទ្រដល់ជនភៀសសឹកនៅតាមព្រំដែននៃប្រទេសទាំងពីរ រួមនឹងទឹកប្រាក់ប្រមាណ ១០លានដុល្លារអាម៉េរិកផ្សេងទៀត សម្រាប់ការដោះមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះនៅកម្ពុជា។
ឯកឧត្តម ប៉ែន បូណាបានថ្លែងបញ្ជាក់ដែរថាក្រៅពីនេះប្រទេសចិន ក្រៅពីការផ្តល់ការគាំទ្រជាអាទិភាពជាបន្ទាន់លើការធានាឱ្យបានរឹងមាំលើបទឈប់បាញ់ និងធ្វើឱ្យមានសន្តិភាពចីរកាល ចិនក៏បានផ្តល់ជំនួយសង្គ្រោះបន្ទាន់ដែលមានតម្លៃជាទឹកប្រាក់ប្រមាណ ២០លាន យន់ សម្រាប់ជនភៀសសឹកនៅក្នុងប្រទេសកម្ពុជា និងបានប្រកាសត្រៀមខ្លួនជាស្រេចក្នុងការផ្តល់ជំនួយមនុស្សធម៌ សម្រាប់តម្រូវការនៃការចិញ្ចឹមជីវិតរបស់ជនភៀសសឹកនៅតាមតំបន់ព្រំដែនដែលរងផលប៉ះពាល់។
លើសពីនេះឯសាធារណរដ្ឋស៊ែប៊ីក៏បានផ្តល់ជំនួយមនុស្សធម៌ប្រមាណ ៥០ម៉ឺនដុល្លារអាម៉េរិកសម្រាប់ជួយប្រជាជនភៀសឹកកម្ពុជាផងដែរ ហើយក្រៅពីនោះក៏នៅមានបណ្តាប្រទេសជាមិត្ត រួមទាំងដៃគូអភិវឌ្ឍន៍របស់កម្ពុជាក៏បានផ្តល់នូវជំនួយមនុស្សធម៌ និងជំនួយសម្រាប់សេចក្តីត្រូវការបន្ទាន់នានា ព្រមទាំងបានចេញនូវសារអបអរសាទរចំពោះការសម្រេចបានបទឈប់បាញ់ដោយក្តីរំពឹងថាភាគីទាំងពីរកម្ពុជា និងថៃនឹងសម្រេចបាននូវការស្តារសន្តិភាពឡើងវិញ និងរក្សាសន្តិភាពនោះឱ្យបានយូរអង្វែង៕
ដោយ៖ម៉ាដេប៉ូ