ក្រសួងអធិការកិច្ច បើកវគ្គបណ្តុះបណ្តាលជំនាញ បន្តពង្រឹងសមត្ថភាព និងភាពជាអ្នកដឹកនាំក្នុងជំនាញអធិការកិច្ច
(ភ្នំពេញ)៖ វគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈអធិការកិច្ច គឺជាកម្មវិធីអភិវឌ្ឍន៍សមត្ថភាពមន្ត្រីអធិការកិច្ចឬត្រួតពិនិត្យរបស់វិទ្យាស្ថានជាតិអធិការកិច្ច។ វគ្គនេះត្រូវបានរៀបចំឡើងក្រោមការ ណែនាំរបស់ ឯកឧត្តម សុខ សុកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច និងស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាល ទី១ របស់រដ្ឋាភិបាល និងស្របតាមក្របខណ្ឌយុទ្ធសាស្ត្រ ព៤ជ៤ របស់ក្រសួង។

នេះជាប្រសាសន៍លើកឡើងរបស់ ឯកឧត្ដមបណ្ឌិត ចាប សុថារិទ្ធ រដ្ឋលេខាធិការក្រសួងអធិការកិច្ច ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលជំនាញអធិការកិច្ចជំនាន់៧ វគ្គ៤ ដែលរៀបចំដោយវិទ្យាស្ថានជាតិអធិការកិច្ច ដើម្បីបណ្តុះបណ្តាលមន្ត្រីសិក្ខាកាមមកពីក្រសួងអធិការកិច្ច ក្រសួង/ស្ថាប័នផ្សេងៗចំនួន ១៣ និងសាលារាជធានី-ខេត្តចំនួន៥ សរុបចំនួន ៥០នាក់ នៅទីស្ដីការក្រសួង ។

លោកស្រី ហៀក គឹមស៊ឹង នាយិការរងវិទ្យាស្ថានអធិការកិច្ច បានឱ្យដឹងថា ក្នុងរយៈពេលជាង ៦ឆ្នាំនេះ វិទ្យាស្ថានជាតិអធិការកិច្ច បានរួមចំណែកលើកកម្ពស់ សមត្ថភាពជំនាញវិជ្ជាជីវៈអធិការកិច្ច តាមរយៈការផ្តល់ការបណ្តុះបណ្តាលដល់មន្ត្រីរាជការរបស់ក្រសួង អធិការកិច្ច និងក្រសួងស្ថាប័ននានា ព្រមទាំងរដ្ឋបាលថ្នាក់ក្រោមជាតិបានជាង ១០០០នាក់។

ឯកឧត្ដមបណ្ឌិត ចាប សុថារិទ្ធ បានលើកឡើងថា វគ្គបណ្ដុះបណ្ដាល ដែលមានរយៈពេល២សប្ដាហ៍នេះ គឺបង្ហាញនូវកិច្ចខិតខំប្រឹងប្រែងរួមគ្នា ក្នុងការបន្តពង្រឹងសមត្ថភាព និងភាពជាអ្នកដឹកនាំក្នុងជំនាញអធិការកិច្ច ដើម្បីធានាបាននូវគុណភាព តម្លាភាព និងអនុលោមភាពនៃច្បាប់ឱ្យកាន់តែប្រសើរឡើងនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្ដមបណ្ឌិត ចាប សុថារិទ្ធ បន្តថា ក្រសួងអធិការកិច្ច មានអាណត្តិ លើកកម្ពស់អភិបាលកិច្ចល្អ និងពង្រឹងភាពស្អាតស្អំក្នុងស្ថាប័នសាធារណៈ តាមរយៈការធ្វើអធិការកិច្ច ការដោះស្រាយបណ្តឹង ការតាមដានការអនុវត្តច្បាប់ និងការផ្សព្វផ្សាយច្បាប់និងវេទិកាសាធារណៈ ៕
អត្ថបទ ៖ ឈឹម សុផល
រូបភាព ៖ ហេង សម្បត្តិ និង សួង ពិសិដ្ឋ




