ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត បានអញ្ជើញចូលរួមបិទសន្និបាតបូក​សរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥របស់រដ្ឋបាលខេត្តតាកែវ

តាកែវ៖ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍​និង​ទូរគមនាគមន៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន​ខេត្តតាកែវកាលពីរសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ បានអញ្ជើញ​ជាអធិបតីក្នុងពិធីបិទ​សន្និបាតបូកសរុប​លទ្ធផលការងារ​ឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តបន្ត ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តតាកែវ ។

អង្គសន្និបាតបានរៀបចំចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែមករា ឆ្នាំ​២០២៦ ។ក្នុងពិធីបិទក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោក​ជំទាវ អនុប្រធាន សមាជិក សមាជិកា ក្រុមការងាររាជរដ្ឋាភិបាល​ចុះមូលដ្ឋានខេត្តតាកែវ ក្រុង-ស្រុកទាំង ១០ ថ្នាក់ដឹកនាំ​ខេត្ត ប្រធានមន្ទីរ អង្គភាពចំណុះឱ្យរដ្ឋបាលខេត្ត និងថ្នាក់ដឹកនាំក្រុង ស្រុក ឃុំ សង្កាត់ សរុបប្រមាណ ១.៥៧៦រូប ក្នុងនេះ​ចូល​រួមដោយផ្ទាល់ ៤៩២រូប និងតាមប្រព័ន្ធអនឡាញ ១០៨៤រូប។

ថ្លែងក្នុងពិធីនេះ ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសន៍ថា រាជរដ្ឋាភិ​បាល​បាននិងកំពុងរៀបចំផែនការស្ដារឡើងវិញចំពោះផលប៉ះ​ពាល់​នានាដែលបង្កដោយសង្រ្គាមឈ្លានពានថៃ និងបានធ្វើឱ្យមានការ​ខូចខាតទ្រព្យសម្បត្តិរបស់ប្រជាជន និងហេដ្ឋារចនា​សម្ព័ន្ធជាច្រើន។ រាជរដ្ឋាភិបាលប្រកាន់ខ្ជាប់នូវស្មារតីដោះស្រាយបញ្ហានេះដោយសន្តិវិធី និងតាមច្បាប់អន្តរជាតិ។

ឯកឧត្តមរដ្ឋមន្រ្តី ក៏បានលើកឡើងថា រាជរដ្ឋាភិបាល ក្រោមការដឹក​នាំ​ដ៏ឈ្លាសវៃរបស់សម្តេចតេជោធិបតី សម្រេចបានសមិទ្ធផល​ជា​ច្រើន ក្នុងនោះសមិទ្ធផលមួយចំនួនគឺស្ថិតនៅក្នុងខេត្តតាកែវ ដូចជា អាកាសយានដ្ឋានអន្តរជាតិតេជោ គម្រោងព្រែកជីក​ហ្វូណនតេជោ និងហេដ្ដ្ឋារចនាសម្ព័ន្ធផ្សេងទៀត ព្រមទាំងគម្រោងវិនិយោគនានា ដែលបានផ្តល់ផលប្រយោជន៍​ដោយផ្ទាល់​ដល់ប្រជាពលរដ្ឋក្នុង​មូលដ្ឋាន។ មន្ត្រីរាជការនិងប្រជាពលរដ្ឋខេត្តតាកែវ គាំទ្រពេញ​ទំហឹងគោលការណ៍ដឹកនាំការងារ​សមរភូមិ​ក្រោយ និងសមរភូមិមុខ​របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងជំរុញល្បឿនការអភិវឌ្ឍលើ​គ្រប់វិស័យ និងពង្រឹងភាពម្ចាស់ការ​លើខ្លួនឯងឱ្យកាន់តែរឹងមាំថែម​ទៀត។

ក្នុងឱកាសនេះដែរឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងកោតសរសើរចំពោះ​កិច្ចខិតខំប្រឹងប្រែងបំពេញការងាររហូតសម្រេចបានសមិទ្ធផល​ជាច្រើន នាពេលកន្លងមក និងបានធ្វើការណែនាំដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ កងកម្លាំងទាំងបីប្រភេទ និងអាជ្ញាធរមូលដ្ឋាន ត្រូវបន្តខិតខំថែរក្សាស្ថិរភាព សន្តិសុខនិងសណ្តាប់សាធារណៈ ពង្រឹងការគ្រប់គ្រងរដ្ឋបាលដែនដី និងពន្លឿនការផ្តល់​សេវា​សាធារណៈជូនប្រជាពលរដ្ឋ។ បន្ថែមលើនេះ ឯកឧត្តមរដ្ឋមន្រ្តី បានលើកទឹកចិត្តឱ្យរដ្ឋបាលខេត្តតាកែវ ប្រើប្រាស់ប្រព័ន្ធ​លំហូឯកសាររដ្ឋបាល ( Document Work Flow) និងថ្នាលផ្ទៀងផ្ទាត់ឯកសាររបស់រាជរដ្ឋាភិបាល verify.gov.kh៕

ដោយ៖ង៉ាន ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner