អ្នកកោះសូទិនរួមគ្នាធ្វើត្រីឆ្អើរបីពាន់ចង្កាក់ ដើម្បីផ្គត់ផ្គង់ដល់កងទ័ពជួរមុខ
កំពង់ចាម៖ ជាស្រុកជាប់ដងទន្លេមេគង្គ និងស្របពេលរដូវត្រីសម្បូរផង ប្រជាពលរដ្ឋនៅភូមិកោះថ្មី ឃុំកោះសូទិន ស្រុកកោះសូទិន បានរួមធ្វើត្រីឆ្អើរសម្រាប់ផ្គត់ផ្គង់គ្រួសារក្នុងសហគមន៍ផង និងឆ្អើរត្រីចំនួន៣.០០០ចង្កាក់ រួមនឹងដាំបន្លែបង្ការផ្សេងៗ ដើម្បីត្រៀមជូនដល់វីរកងទ័ពជួរមុខ ។សកម្មភាពនេះផ្តួចផ្តើម និងផ្តល់ថវិកាដោយឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម។

ក្នុងសប្ដាហ៍នេះឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានអញ្ជើញទៅពិនិត្យមើលសកម្មភាព ប្រជាពលរដ្ឋនៅភូមិកោះថ្មី ឃុំកោះសូទិន ដែលកំពុងមមាញឹកធ្វើត្រីឆ្អើរ ។ក្នុងឱកាសនេះឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ពីការអនុញ្ញាត ឱ្យចងក្រងភូមិនៅតំបន់នេះបង្កើតជាសហគមន៍ត្រីឆ្អើរដោយដាក់ឈ្មោះថា “សហគមន៍ត្រីឆ្អើរកោះថ្មី” ។គោលបំណងនៃការបង្កើតសហគមន៍ត្រីឆ្អើរនៅទីនេះ ពីព្រោះតែមើលឃើញពីសក្តានុពលតំបន់ជាប់ដងទន្លេមេគង្គដែលសម្បូរត្រី។លើសពីនេះ គឺអ្នកភូមិមានសាមគ្គីភាពគ្នាល្អ។

ភ្លាមៗបងប្អូនប្រជាពលរដ្ឋនៅភូមិកោះថ្មី ឃុំកោះសូទិន បានបង្ហាញអារម្មណ៍សប្បាយរីករាយ ចំពោះគំនិតផ្ដួចផ្ដើមរបស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត ក្នុងបង្កើតសហគមន៍ត្រីឆ្អើរដែលជាអត្តសញ្ញាណប្រចាំតំបន់និងជាការលើកមុខលើកមាត់សហគមន៍។លើសពីនេះពួកគេក៏មមាញឹកសម្រុកឆ្អើរត្រីឱ្យបានល្អ និងឆ្ងាញ់ចំនួន៣ពាន់ចង្កាក់ដើម្បីផ្គត់ផ្គង់ដល់វីរកងទ័ព វីរនគរបាល
ដូចអ្វីដែលអភិបាលខេត្តចង់បាន៕
ដោយ៖លី ពៅ




