លោកអ្នកឧកញ៉ា អ្នកឧកញ៉ា និងឧកញ៉ា ចំនួន ១២៩ នាក់ នៃសមាគមឧកញ៉ាកម្ពុជា ឧបត្ថម្ភថវិកា ១លាន ៥ពាន់ដុល្លារនិងទឹកបរិសុទ្ធ ៥០០កេស ជូនកាកបាទក្រហមកម្ពុជា
ភ្នំពេញ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានទទួលជួបសំណេះសំណាល និងទទួល(១)ថវិកា ចំនួន ១,០០៥,០០០ (មួយលានប្រាំពាន់) ដុល្លារអាមេរិចគត់ និង (២)ទឹកបរិសុទ្ធ ចំនួន ៥០០កេស ពីសមាគមឧកញ៉ាកម្ពុជា ដែលដឹកនាំដោយលោកអ្នកឧកញ៉ា លី ហួរ អនុប្រធានសមាគមឧកញ៉ាកម្ពុជា រួមជាមួយសមាជិក សមាជិកាចំនួន ១២៩ នាក់ ដែលបានឧបត្ថម្ភជូនកាកបាទក្រហមកម្ពុជា នៅរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ ដើម្បីរៀបចំចាត់ចែងជាអំណោយជួយដល់វីរយុទ្ធជនព្រមទាំងក្រុមគ្រួសារ ក៏ដូចជាជនភៀសសឹកដែលកំពុងរស់នៅតាមជំរំ ។
ស្ថិតក្នុងឱកាសនេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានពាំនាំនូវព្រះរាជសវណីរបស់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនិនាថ សីហនុ ព្រះប្រធានកិត្តិយស និងប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សមាគមឧកញ៉ាកម្ពុជា ដែលតែងតែបានចូលរួមបរិច្ចាគថវិកា ជូនកាកបាទក្រហមកម្ពុជា ។
សូមជម្រាបជូនថា កន្លងមកសមាគមឧកញ៉ាកម្ពុជា តែងតែចូលរួមបរិច្ចាគថវិកាជូនដល់កាកបាទក្រហមកម្ពុជា ក្នុងទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា និងក្នុងឱកាសផ្សេងៗ ដើម្បីឱ្យកាកបាទក្រហមកម្ពុជា ជួយដល់ជនរងគ្រោះ និងងាយរងគ្រោះដោយគ្រោះមហន្តរាយ និងវិបត្តិភ័យនានា ដែលគិតមកដល់ពេលនេះជាលើកទី៤ សរុបជាថវិកាមានចំនួន៥.៣៩០.១៣១.៧២ ដុល្លារអាម៉េរិក និង៨០.៣៥៧.១១០ រៀល និងទឹកបរិសុទ្ធ៥០០កេស៕ ដោយ វណ្ណលុក







