បែកធ្លាយ អាមេរិកក្លែងបន្លំយន្តហោះយោធា ធ្វើជាយន្តហោះដឹកអ្នកដំណើរ ដើម្បីអាចទម្លាក់គ្រាប់កម្ទេចទូកសង្ស័យផ្ទុកគ្រឿងញៀន

វ៉ាស៊ីនតោន ៖ របាយការណ៍បែកធ្លាយ របស់ The New York Times បានបង្ហាញថា សហរដ្ឋអាមេរិកបានក្លែងបន្លំយន្តហោះយោធា ធ្វើជាយន្តហោះស៊ីវិលដឹកអ្នកដំណើរ ដើម្បីអាចទម្លាក់គ្រាប់បែក កម្ទេចទូកសង្ស័យដឹកគ្រឿងញៀន ដែលបើកចេញពីប្រទេសវេណេស៊ុយអេឡា នាពេលកន្លងមក។ នេះបើតាមការចេញផ្សាយ របស់សារព័ត៌មាន Al Jazeera កាលពីថ្ងៃពុធ។

The New York Times បានរៀបរាប់ថា ដើម្បីបិទបាំងអត្តសញ្ញាណយោធា, គ្រាប់បែកត្រូវបានលាក់ នៅខាងក្នុងតួយន្តហោះ ជាជាងអាចមើលឃើញថា បានទម្លាក់ នៅក្រោមស្លាបយន្តហោះ។ ជាងនេះទៀត យន្តហោះត្រូវបានលាបពណ៌ផ្សេង មិនអាចសម្គាល់ថា ជាយន្តហោះយោធា ព្រមទាំង ដោះស្លាកសញ្ញាយោធា ចេញទៀតផង។

របាយការណ៍ បានកត់សម្គាល់ថា ការក្លែងបន្លំ ដូច្នេះ អាចត្រូវបានចាត់ទុកថា ជាឧក្រិដ្ឋកម្មសង្គ្រាម បើផ្អែកតាមច្បាប់គ្រប់គ្រងជម្លោះប្រដាប់អាវុធ។ The New York Times បានដកស្រង់សម្តី របស់ឧត្តមសេនីយអាមេរិក លោក Steven Lepper ដែលបាននិយាយថា ការលាក់បាំងគ្រឿងឥស្សរិយយសយោធា និងសព្វាវុធ អាចបង្កើតជាទង្វើ “ឥតប្រយោជន៍” ដែលជាកលល្បិចបោកបញ្ឆោត ហើយ ត្រូវបានហាមឃាត់ ក្រោមច្បាប់អន្តរជាតិ។

អត្ថបទរបស់ The New York Times បានផ្តោតលើការវាយប្រហារ ជាលើកដំបូង ដែលធ្វើឡើង កាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំមុន នៅក្នុងយុទ្ធនាការទម្លាក់គ្រាប់បែក លើទូកសង្ស័យដឹកគ្រឿងញៀន នៅសមុទ្រការាបៀន ភាគខាងត្បូង តាមបទបញ្ជាផ្ទាល់របស់ប្រធានាធិបតីអាមេរិក។ លោក Donald Trump បានប្រកាស នៅលើវេទិកា Truth Social ថា ការវាយប្រហារលើកទី១ នាពេលនោះ បានសម្លាប់មនុស្ស ១១នាក់ ដោយលោកបានចោទប្រកាន់ថា សុទ្ធតែជាពួកគ្រឿងញៀន។

យ៉ាងណា មិនមានប្រតិកម្មភ្លាមៗ ពីសេតវិមាន បន្ទាប់ពីការចេញផ្សាយ របាយការណ៍ថ្មី របស់ The New York Times លើកនេះ នៅឡើយទេ៕

ប្រភពពី Al Jazeera ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner