អ៊ីស្រាអែលគំរាមសងសឹកយ៉ាងចាស់ដៃ បើសិនអ៊ីរ៉ង់ហ៊ានវាយប្រហារខ្លួន
ហ្សេរុយសាឡឹម ៖ មេដឹកនាំអ៊ីស្រាអែលបានប្រកាសគំរាមធ្ងន់ៗកាលពីថ្ងៃចន្ទថា អ៊ីស្រាអែលនឹងសងសឹកដោយកម្លាំងយោធាធ្ងន់ធ្ងរបំផុតមិនធ្លាប់មាន បើសិនអ៊ីរ៉ង់ហ៊ានបើកការវាយប្រហារលើប្រទេសខ្លួន ។

ការព្រមាននេះ ធ្វើឡើងឆ្លើយតបការសម្លុតគំរាមរបស់អ៊ីរ៉ង់ ដែលថា បើសិនប្រទេសខ្លួនរងការវាយប្រហារពីអាមេរិក នោះទីក្រុងតេហេរ៉ង់នឹងវាយប្រហារលើអ៊ីស្រាអែល ក៏ដូចជាមូលដ្ឋានទ័ពអាមេរិកនៅតំបន់មជ្ឈិមបូព៌ា ។
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានប្រាប់អង្គប្រជុំសភាថា បើសិនអ៊ីរ៉ង់ហ៊ានធ្វើខុស ហើយវាយប្រហារយើង នោះយើងនឹងធ្វើសកម្មភាពជាមួយកម្លាំងដែលមិនធ្លាប់មានពីមុនមក ។
ជាមួយគ្នានេះ លោកនាយករដ្ឋមន្រ្តី ណេតាន់យ៉ាហ៊ូ ក៏បានអះអាងដែរថា អ៊ីស្រាអែលកំពុងតាមដានអ៊ីរ៉ង់យ៉ាងដិតដល់ និងបានព្រមានទុកមុនថា នឹងគ្មាននរណាម្នាក់អាចទស្សន៍ទាយពីអនាគតអ៊ីរ៉ង់បានទេ ប៉ុន្តែអ្វីដែលច្បាស់នោះ គឺអ៊ីរ៉ង់នឹងមិនអាចវិលទៅដូចដើមវិញបានទេ បើសិនមានជម្លោះណាមួយកើតឡើង ។
ការអត្ថាធិប្បាយរបស់លោក ណេតាន់យ៉ាហ៊ូ ធ្វើឡើងនៅពេលដែលសហរដ្ឋអាមេរិក ត្រូវបានគេរាយការណ៍ថា កំពុងផ្លាស់ទីកងនាវាផ្ទុកយន្តហោះចម្បាំង USS Abraham Lincoln ដែលដើរដោយថាមពលនុយក្លេអ៊ែរទៅកាន់តំបន់មជ្ឈិមបូព៌ា ចំពេលមានភាពតានតឹងកើនឡើងខ្លាំងជាមួយអ៊ីរ៉ង់ ៕
ប្រភព ៖ ស៊ីនហួរ ប្រែសម្រួល ៖ ឈឹម ទីណា
