ប្រជាជនយេម៉ែនជាង ១៨លាននាក់ ប្រឈមមុខនឹងភាពអត់ឃ្លានខ្លាំង នៅដើមឆ្នាំនេះ
សាណាអា ៖ យេម៉ែន ដែលជាប្រទេសក្រីក្របំផុតមួយ របស់ពិភពលោក កំពុងឈានចូលដំណាក់កាលថ្មី ដ៏គ្រោះថ្នាក់ នៃការខ្វះខាតស្បៀងអាហារ ជាមួយនឹងប្រជាជនជាងពាក់កណ្តាល ឬ ប្រហែល ១៨លាននាក់ ត្រូវបានគេដឹងថា ប្រឈមមុខនឹងភាពអត់ឃ្លាន កាន់តែអាក្រក់ នៅដើមឆ្នាំ២០២៦ នេះបើយោងតាមគណៈកម្មាធិការសង្គ្រោះអន្តរជាតិ ហៅកាត់ IRC ចេញផ្សាយដោយសារព័ត៌មាន Al Jazeera នៅថ្ងៃអង្គារនេះ។
ការព្រមាននេះ ធ្វើឡើង បន្ទាប់ពីការព្យាករណ៍ថ្មី នៅក្រោមប្រព័ន្ធត្រួតពិនិត្យភាពអត់ឃ្លាន រួមបញ្ចូលគ្នា នូវដំណាក់កាលសុវត្ថិភាពស្បៀងអាហារ ដែលត្រូវបានចេញផ្សាយ កាលពីថ្ងៃចន្ទ និង បង្ហាញពីមនុស្សមួយលាននាក់បន្ថែមទៀតជួបហានិភ័យ នៃភាពអត់ឃ្លាន ដែលគំរាមកំហែងដល់អាយុជីវិត។
របាយការណ៍នេះត្រូវបានបញ្ចេញ ស្របពេលដែលប្រទេសនៅតំបន់មជ្ឈិមបូព៌ាមួយនេះ កំពុងជួបប្រទះជម្លោះផ្ទៃក្នុង ចុងក្រោយបង្អស់របស់ខ្លួន ជាមួយនឹងតួអង្គក្នុងតំបន់ ខាងក្រៅ ដែលពាក់ព័ន្ធនឹងការប្រយុទ្ធគ្នា នៅភាគខាងត្បូង របស់ប្រទេស។
សង្គ្រាមជាច្រើនឆ្នាំ និងការផ្លាស់ទីលំនៅយ៉ាងច្រើន បានធ្វើឱ្យខូចជីវភាព ហើយ ការទទួលបានសេវាសុខភាព និងអាហារូបត្ថម្ភមូលដ្ឋាន មានកម្រិត។
សម្ពាធទាំងនោះ ឥឡូវ ត្រួតលើគ្នាជាមួយនឹងការដួលរលំសេដ្ឋកិច្ចទូទាំងប្រទេស ដែលបានកាត់បន្ថយអំណាចទិញ របស់គ្រួសារ និងជំរុញឱ្យតម្លៃម្ហូបអាហារឡើងថ្លៃ។ ទន្ទឹមនឹងនេះ ជំនួយមនុស្សធម៌បានធ្លាក់ចុះយ៉ាងខ្លាំង។
អង្គការ IRC បាននិយាយថា នៅចុងឆ្នាំ២០២៥ ការឆ្លើយតបផ្នែកមនុស្សធម៌ ដែលត្រូវការរបស់យេម៉ែន គឺតិចជាង ២៥ ភាគរយ ដែលជាកម្រិតទាបបំផុតនៃការផ្តល់មូលនិធិ ក្នុងទសវត្សរ៍នេះ ខណៈដែលកម្មវិធីអាហារូបត្ថម្ភសង្គ្រោះជីវិត ទទួលបានក្រោម ១០ ភាគរយ នៃមូលនិធិដែលត្រូវការ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ អង្គការ IRC បានអះអាងថា «ការខ្សោះជីវជាតិ យ៉ាងឆាប់រហ័សនេះ ជំរុញដោយការកាត់ផ្តាច់មូលនិធិមនុស្សធម៌ដ៏មហន្តរាយ វិបត្តិអាកាសធាតុ ការដួលរលំសេដ្ឋកិច្ច និងរួមបញ្ចូល ដោយអសន្តិសុខ នាពេលថ្មីៗនេះ ដោយអំពាវនាវឱ្យមានវិធានការបន្ទាន់ ទប់ស្កាត់គ្រោះមហន្តរាយ ទាំងនេះ៕
ប្រភពពី Al Jazeera ប្រែសម្រួល ៖ សារ៉ាត
