អារ៉ាប់រួម ត្រៀមដាក់ដំណើរការតាក់ស៊ីហោះពាណិជ្ជកម្មនៅចុងឆ្នាំ ២០២៦

ឌូបៃ ៖ ទីក្រុងឌូបៃ របស់ប្រទេសអារ៉ាប់រួម ត្រូវបានគេរំពឹងថា នឹងក្លាយជាទីក្រុងនាំមុខគេដំបូងនាពេលអនាគត ក្នុងការដាក់ដំណើរការសេវាកម្មតាក់ស៊ីហោះអគ្គិសនីពាណិជ្ជកម្មនៅត្រឹមចុងឆ្នាំ ២០២៦នេះ ។

ការព្យាករនេះ ធ្វើឡើងស្របពេលដែលលោក Mattar Al Tayer ប្រធានអាជ្ញាធរដឹកជញ្ជូន និងផ្លូវថ្នល់របស់ទីក្រុងឌូបៃ បាននិយាយថា សេវាកម្មតាក់ស៊ីហោះអគ្គិសនី ដែលអភិវឌ្ឍដោយក្រុមហ៊ុន Joby Aviation គ្រោងនឹងចាប់ផ្តើមប្រតិបត្តិការពាណិជ្ជកម្មនៅចុងឆ្នាំ ២០២៦ ។

មុនការប្រកាសនេះ ក្រុមហ៊ុន Joby Aviation បានធ្វើការហោះហើរសាកល្បងតាក់ស៊ីហោះអគ្គិសនីលើកដំបូង នៅលើផ្ទៃមេឃប្រទេសអារ៉ាប់រួម កាលពីខែមិថុនា ឆ្នាំ២០២៥ ដែលនេះជាការផ្លាស់ប្តូរយុទ្ធសាស្ត្រថ្មីមួយ ដើម្បីកែលម្អប្រព័ន្ធដឹកជញ្ជូននៅក្នុងទីក្រុងឌូបៃ ។

នៅដើមឆ្នាំ២០២៤ ក្រុមហ៊ុន Joby បានចុះកិច្ចសន្យាជាមួយអាជ្ញាធរដឹកជញ្ជូន និងផ្លូវថ្នល់របស់ទីក្រុងឌូបៃ ដែលបានផ្តល់សិទ្ធិផ្តាច់មុខដល់ក្រុមហ៊ុន ដើម្បីផ្តល់សេវាកម្មតាក់ស៊ីហោះក្នុងទីក្រុង សម្រាប់រយៈពេល ៦ឆ្នាំខាងមុខ ។

Joby Aerial Taxi ដែលជាយន្តហោះតាក់ស៊ីអគ្គិសនីបញ្ឈរហោះឡើង និងចុះចត ហើយត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនមានមូលដ្ឋាននៅរដ្ឋកាលីហ្វ័រញ៉ាមួយនេះ អាចហោះហើរបានចម្ងាយរហូតដល់ ១៦០គីឡូម៉ែត្រ ក្នុងល្បឿនរហូតដល់ ៣២០គីឡូម៉ែត្រក្នុងមួយម៉ោង ។

ឧស្សាហកម្មឡានហោះ ត្រូវបានគេព្យាករណ៍ថា នឹងមានតម្លៃដល់ទៅ ១៥០ពាន់លានដុល្លារ នៅឆ្នាំ ២០៣៥ ហើយក្រុមហ៊ុនធុរកិច្ចបង្កើតថ្មី (Startups) កំពុងព្យាយាមលក់ទៅកាន់ក្រុមហ៊ុនឯកជននានា និងរដ្ឋាភិបាល ក្រោមគោលបំណងថា បច្ចេកវិទ្យាថ្មីនេះ អាចជួយកាត់បន្ថយការកកស្ទះចរាចរណ៍ រួមទាំងការបំពុលខ្យល់ក្នុងទីក្រុង ៕

ប្រភព ៖ The Straits Times និង Business Insider ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner