ឥណ្ឌាគ្រោងបាញ់បង្ហោះផ្កាយរណបចារកម្មជាង ៥០គ្រឿងទៅកាន់ទីអវកាស

ញូវដែលី ៖ ប្រទេសឥណ្ឌាមានគម្រោងបាញ់បង្ហោះផ្កាយរណបចារកម្មច្រើនជាង ៥០គ្រឿង និងបំពាក់បន្ថែមនូវប្រព័ន្ធចាប់យករូបភាពពេលយប់ ដើម្បីបង្កើនសមត្ថភាពផ្នែកសន្តិសុខជាតិរបស់ខ្លួន ក្រោយមានជម្លោះព្រំដែនដ៏អាក្រក់បំផុតជាមួយប៉ាគីស្ថានក្នុងរយៈពេលជាច្រើនទសវត្សរ៍ កាលពីឆ្នាំ ២០២៥ ។

ស្ថិតក្រោមរដ្ឋបាលរបស់លោកនាយករដ្ឋមន្រ្តី ណារិនដ្រា ម៉ូឌី ប្រទេសឥណ្ឌាមានផែនការបាញ់បង្ហោះផ្កាយរណបដល់ទៅ ៥២គ្រឿងដំបូងទៅកាន់ទីអវកាស ជាផ្នែកមួយនៃកម្មវិធីស៊ើបការណ៍៣ ឬ Surveillance-3 ដែលមានមូលដ្ឋាននៅលើលំហរអាកាស ។

កាសែត The Times of India ដែលរាយការណ៍កាលពីខែមិថុនា ឆ្នាំ ២០២៥ ជុំវិញផែនការពន្លឿនការបាញ់បង្ហោះផ្កាយរណបចារកម្មនេះ បានឱ្យដឹងថា ផ្កាយរណបចារក្រុមដំបូង អាចនឹងត្រូវបាញ់បង្ហោះនៅក្នុងខែមេសា ឆ្នាំ២០២៦ ។

បើតាមការគ្រោងទុកនោះ ឥណ្ឌាមានមហិច្ឆតាដាក់ពង្រាយផ្កាយរណបថ្មីរហូតដល់ ១៥០គ្រឿង ដើម្បីជំរុញសន្តិសុខព្រំដែនរបស់ខ្លួន នេះបើយោងតាមរបាយការណ៍របស់សារព័ត៌មាន Mint ក្នុងខែមេសា ឆ្នាំ ២០២៥ ដោយដកស្រង់សម្តីលោក V. Narayanan ប្រធានអង្គការស្រាវជ្រាវអវកាសឥណ្ឌា (ISRO) នៅក្នុងព្រឹត្តិការណ៍មួយនៅទីក្រុង Chennai ។

យោងតាមការប៉ាន់ស្មានជំហានដំបូង ប្រទេសឥណ្ឌាអាចនឹងត្រូវចំណាយលុយប្រមាណ ២.៨ពាន់លានដុល្លារ ដើម្បីនាំយកផ្កាយរណបទាំង ១៥០គ្រឿងទៅដាក់នៅលើលំហរអាកាស ៕

ប្រភព ៖ The Straits Times ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner