មេទ័ពព្រមាន អាមេរិក និងអ៊ីស្រាអែល កុំស្មានខុសឲ្យសោះ ព្រោះអ៊ីរ៉ង់ត្រៀមកេះកៃកាំភ្លើងរួចរាល់ហើយ

តេហេរ៉ង់ ៖ មេទ័ពធំអ៊ីរ៉ង់បានស្រែកគំរាមខ្លាំងៗថា កងកម្លាំងរបស់ខ្លួនបានដាក់ម្រាមដៃត្រៀមកេះកៃកាំភ្លើងរួចហើយ ពោលគឺត្រៀមខ្លួនតបតភ្លាមៗមួយរំពេច បើសិនសហរដ្ឋអាមេរិក និងអ៊ីស្រាអែលហ៊ានតែប៉ាន់ស្មានខុស បន្ទាប់ពីមានបាតុកម្មនៅទូទាំងប្រទេស ។

ការគំរាមរបស់អ៊ីរ៉ង់ ធ្វើឡើងបន្ទាប់ពីមានសេចក្តីរាយការណ៍ថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ មិនបានដកចេញនោះឡើយនូវការមានវិធានការយោធាថ្មី ប្រឆាំងនឹងទីក្រុងតេហេរ៉ង់ បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនបានគាំទ្រ និងចូលរួមក្នុងសង្គ្រាមរបស់អ៊ីស្រាអែលរយៈពេល ១២ថ្ងៃ កាលពីខែមិថុនាឆ្នាំមុន ។

ជាការព្រមានទុកមុន មេបញ្ជាការកងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ (IRGC) លោកឧត្តមសេនីយ៍ Mohammad Pakpour បានជំរុញអ៊ីស្រាអែល និងសម្ព័ន្ធមិត្តអាមេរិករបស់ខ្លួន ឲ្យជៀសវាងការប៉ាន់ស្មានខុសណាមួយ ហើយគួរតែសិក្សាពីបទពិសោធន៍ប្រវត្តិសាស្ត្រ និងអ្វីដែលពួកគេបានរៀនសូត្រនៅក្នុងសង្គ្រាម ១២ថ្ងៃ ដើម្បីកុំឲ្យពួកគេប្រឈមមុខនឹងជោគវាសនាដ៏ឈឺចាប់ និងគួរឲ្យសោកស្ដាយជាងនេះ ។

ដោយឡែកសម្រាប់ការតវ៉ារយៈពេល ២សប្តាហ៍ ដែលបានចាប់ផ្តើមនៅចុងខែធ្នូឆ្នាំកន្លងទៅ បានធ្វើឲ្យង្គោះរង្គើដល់ថ្នាក់ដឹកនាំសាសនា ក្រោមការគ្រប់គ្រងរបស់មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ali Khamenei ប៉ុន្តែចលនានេះ បានបាត់បន្តិចម្ដងៗ ដោយសារការបង្ក្រាបដែលសកម្មជននិយាយថា បានបណ្ដាលឲ្យមនុស្សរាប់ពាន់នាក់បាត់បង់ជីវិត ៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner