លោក ពូទីន ថា ការបង្កើតរដ្ឋប៉ាឡេស្ទីន ទើបជាមាគ៌ាសន្តិភាពនៅមជ្ឈិមបូព៌ា

មូស្គូ ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានសង្កត់ធ្ងន់ថា មានតែការបង្កើតរដ្ឋប៉ាឡេស្ទីនដែលដំណើរការពេញលេញប៉ុណ្ណោះ ទើបអាចនាំមកនូវដំណោះស្រាយយូរអង្វែង ចំពោះជម្លោះនៅមជ្ឈិមបូព៌ា ជាពិសេសសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ។

លោក ពូទីន បានអះអាងបែបនេះ ក្នុងអំឡុងពេលជួបជាមួយប្រធានាធិបតីប៉ាឡេស្ទីន លោក ម៉ាមូដ អាបាស់ ក្នុងទីក្រុងមូស្គូ កាលពីថ្ងៃព្រហស្បតិ៍ ដោយលោកបានបន្ថែមថា វិធីសាស្រ្តរបស់រុស្ស៊ីចំពោះជម្លោះនៅមជ្ឈិមបូព៌ា គឺជាគោលការណ៍យូរអង្វែង និងមិនមែនបម្រើដល់គោលនយោបាយរយៈពេលខ្លីនោះទេ ។

លោក ពូទីន ក៏បានកត់សម្គាល់ផងដែរថា រុស្ស៊ីបានផ្តល់ជំនួយមនុស្សធម៌ដ៏សំខាន់ដល់តំបន់ហ្គាហ្សា នៅពេលដែលវិបត្តិនៅតំបន់នេះឈានដល់កម្រិតកំពូល រួមទាំងជំនួយជាង ៨០០ តោន និងប្រតិបត្តិការមនុស្សធម៌ប្រហែល ៣២។

ជាការឆ្លើយតប លោកប្រធានាធិបតី អាបាស់ បានប្រាប់លោក ពូទីន ថា ទឹកដីប៉ាឡេស្ទីនបានរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ក្រោមការកាន់កាប់របស់អ៊ីស្រាអែល ដែលបានបង្កការបំផ្លិចបំផ្លាញយ៉ាងទូលំទូលាយដល់តំបន់ហ្គាហ្សា តំបន់វេសប៊ែង និងទីក្រុងហ្សេរុយសាឡឹម ។

មេដឹកនាំប៉ាឡេស្ទីនរូបនេះបន្តថា យើងប្រឆាំងយ៉ាងដាច់អហង្ការចំពោះការប៉ុនប៉ងរបស់អាមេរិក និងអ៊ីស្រាអែល ក្នុងការបណ្តេញប្រជាជនប៉ាឡេស្ទីនចេញពីស្រុកកំណើតដូនតារបស់ពួកគេ ។ លោកថា ប្រជាជនប៉ាឡេស្ទីនមានការតាំងចិត្តយ៉ាងមុតមាំ ក្នុងការបន្តរស់នៅទឹកដីរបស់ពួកគេ ទោះត្រូវលះបង់ក្នុងតម្លៃណាក៏ដោយ ។

បើតាមការលើកឡើងរបស់លោកប្រធានាធិបតី អាបាស់, ចំនួនអ្នកស្លាប់ និងរបួសក្នុងសង្គ្រាមហ្គាហ្សាបានកើនឡើងដល់ ២៦០.០០០នាក់ ហើយមនុស្សរាប់ពាន់នាក់ទៀតរងរបួសនៅតំបន់វេសប៊ែង និងថា តំបន់ហ្គាហ្សាត្រូវបានបំផ្លាញស្ទើរតែទាំងស្រុង ដោយហេដ្ឋារចនាសម្ព័ន្ធរបស់តំបន់នេះ ត្រូវបានកម្ទេចរហូតដល់ ៨៥ភាគរយឯណោះ បើធៀបនឹងកាលពីមុន ៕

ប្រភព ៖ ស៊ីនហួរ ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner