ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត ចុះពិនិត្យស្ថានភាពជីវភាពប្រជាពលរដ្ឋនៅស្រុកអង្គរជ័យ និងស្រុកបន្ទាយមាស ខេត្តកំពត

កំពត ៖ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត បានចុះជួបសាកសួរសុខទុក្ខបងប្អូនប្រជាជន តាមមូលដ្ឋាន និងពិនិត្យស្រះទឹកសហគមន៍ទន្លេនាម ផ្ទះសំណាញ់ ផ្សារបោះដុំបន្លែ កសិដ្ឋានចិញ្ចឹម មាន់ ជា សហគមន៍ និងក្រុមសហគមន៍ដាំស្ពៃក្រញាញ់ ដែលស្ថិតនៅស្រុកអង្គរជ័យ ព្រមទាំងពិនិត្យទីតាំងអភិវឌ្ឍ និងអភិរក្សសត្វប្រជៀវ ផ្ទះសំណាញ់ បឹងព្រៃក្រឡា អូរព្រែកអន្សារ ហើយបានចែកពូជដូងក្រអូបខ្មែរជូនប្រជាកសិករនៅស្រុកបន្ទាយមាស ខេត្តកំពត នាថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ ។

ភាពជាគំរូរបស់កសិករ និងសហគ្រិនភាពរបស់សហគមន៍មូលដ្ឋាន បាននិងកំពុងពូនជ្រំស្មារតី និងជំរុញចលនាដាំដុះដំណាំចម្រុះ និងការចិញ្ចឹមសត្វកាន់តែទូលំទូលាយប្រកបដោយគំនិតច្នៃប្រតិដ្ឋស្របតាមសក្តានុពលភូមិសាស្ត្រ និងតម្រូវការ ដោយបង្កើនបាននូវផលិតកម្មសម្រាប់ការផ្គត់ផ្គង់ទីផ្សារ ការពង្រីកមុខរបរ និងការប្រើប្រាស់ធនធានដីឱ្យអស់សក្តានុពល ដែលធ្វើឱ្យជីវភាពរស់នៅប្រចាំថ្ងៃបានកាន់តែប្រសើរ ។

ដោយមានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល ក្រុមការងារ រដ្ឋបាលខេត្ត មន្ទីរជំនាញ និងក្រសួងស្ថាប័នពាក់ព័ន្ធ និងដោយផ្អែកលើភាពឧស្សាហ៍ព្យាយាម ការអំណត់ ការអភិវឌ្ឍខ្លួនជាប្រចាំ បងប្អូនកសិករនឹងបន្តទទួលបាននូវការគាំទ្រទាំងហេដ្ឋារចនាសម្ព័ន្ធ ទុន បច្ចេកទេស និងការសម្របសម្រួលទីផ្សារ ដែលនឹងរួមចំណែកលើកស្ទួយផលិតភាព គុណភាព សុវត្ថិភាព ខ្លួនទីពឹងខ្លួន ប្រាក់ចំណូល និងការនាំចេញនៅហ្នឹងកន្លែង ដែលកំពុងរួមចំណែកទ្រទ្រង់ខឿនសេដ្ឋកិច្ចគ្រួសារ និងប្រែក្លាយតំបន់ឆ្នេរជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់របស់ជាតិ។

ស្រុកបន្ទាយមាសជាជង្រុកស្រូវរបស់ខេត្តកំពត និងជាតំបន់ប្រវត្តិសាស្ត្រមួយដ៏សំខាន់របស់កម្ពុជា ហើយកសិករបាននិងកំពុងពង្រីកសក្តានុពលផ្ទៃដីដាំដុះដំណាំរួមផ្សំវិលជុំបន្ថែមទៀត ពិសេសបន្លែ និងដំណាំដូង ដែលជាប្រភេទកសិផលមានលក្ខណៈយុទ្ធសាស្ត្របន្ថែមលើម្រេច ធុរេន ចេក និងអំបិល ដែលបាននិងកំពុងផ្តល់ផ្លែផ្កាដល់សហគមន៍មូលដ្ឋាន កសាងអត្តសញ្ញាណ និងលើកកម្ពស់ជីវភាពរស់នៅកាន់តែល្អប្រសើរ ។

ផ្អែកលើហេដ្ឋារចនាសម្ព័ន្ធ និងលក្ខណៈអំណោយផលនៃសក្តានុពលធម្មជាតិ ព្រមទាំងភាពឧស្សាហ៍ព្យាយាមរបស់ប្រជាជន ក្រុមការងារចុះជួយមូលដ្ឋាន និងភាគីពាក់ព័ន្ធមានជំនឿថា កសិករស្រុកបន្ទាយមាសនឹងក្លាយជាថ្នាលគំរូ និងជាសហគ្រិនឆ្នើមក្នុងមូលដ្ឋាន ដែលអាចមានសមត្ថភាពក្នុងការពង្រឹង ពង្រីកផលិតផលកសិកម្មឱ្យកាន់តែទូលំទូលាយ និងសម្បូរបែប ដើម្បីពង្រីកមូលដ្ឋានដង្ហើមសេដ្ឋកិច្ច ពង្រឹងភាពធន់សហគមន៍ និងការនាំចេញនៅហ្នឹងកន្លែងកាន់តែមានគុណភាពខ្ពស់ និងម្ចាស់ការឯករាជ្យខ្លួនទីពឹងខ្លួន៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner