ការធ្វើតេស្តនុយក្លេអ៊ែរ ២,៤០០ លើក នៅពីក្រោយការស្លាប់មុនអាយុរបស់មនុស្ស ៤ លាននាក់

បរទេស ៖ ការស្លាប់មុនអាយុរបស់មនុស្សជាង ៤ លាននាក់ ដោយសារជំងឺមហារីក និងជំងឺផ្សេងៗទៀត ទំនងជាជាប់ពាក់ព័ន្ធនឹងការធ្វើតេស្តនុយក្លេអ៊ែរចំនួន ២,៤០០ លើក នៅចន្លោះឆ្នាំ ១៩៤៥ ដល់ឆ្នាំ ២០១៧ ។

បើតាមអង្គការជំនួយប្រជាជនន័រវែស ហៅកាត់ (NPA), ការធ្វើតេស្តនុយក្លេអ៊ែរ នឹងធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរទៅដល់ DNA ដែលជាម៉ូលេគុលស្តុកទុកព័ត៌មានសេនេទិច ក្នុងការលូតលាស់ និងបំពេញមុខងារឲ្យសារពាង្គកាយមនុស្ស ជាពិសេសវាបង្កជាជំងឺមហារីក ជំងឺសរសៃឈាមបេះដូង និងប៉ះពាល់ហ្សែនតំណពូជជាដើម ។ ក្នុងនោះទារក និងកុមារតូចៗ គឺជាអ្នកងាយរងគ្រោះខ្លាំងជាងគេបំផុត ។

លោក Raymond Johansen ប្រធានអង្គការ NPA និយាយថា ការសាកល្បងនុយក្លេអ៊ែរកាលពី ៧២ ឆ្នាំមុននៅតែបន្តសម្លាប់មនុស្សរហូតមកទល់សព្វថ្ងៃនេះ ។

លោកសង្ឃឹមថា ការចេញផ្សាយរបាយការណ៍ថ្មីនេះ នឹងពង្រឹងការតាំងចិត្តរបស់ពិភពលោក ចូលរួមទប់ស្កាត់ការសាកល្បង ឬប្រើប្រាស់អាវុធនុយក្លេអ៊ែរម្តងទៀត ។

យោងតាមការប៉ាន់ស្មានចុងក្រោយរបស់សហព័ន្ធអ្នកវិទ្យាសាស្ត្រអាមេរិក និងភ្នាក់ងារឃ្លាំមើលវិស័យការពារជាតិ បានបង្ហាញថា នៅក្នុងពិភពលោក មានប្រទេសចំនួន ៩ ប៉ុណ្ណោះ មានអាវុធនុយក្លេអ៊ែរ ដែលសរុបបញ្ចូលគ្នាមានចំនួនច្រើនជាង ១ ម៉ឺន ២ ពាន់គ្រាប់ ។

ក្នុងនោះរុស្ស៊ី និងសហរដ្ឋអាមេរិកកាន់កាប់ក្បាលគ្រាប់នុយក្លេអ៊ែរប្រហែល ៩០ ភាគរយ ។ នេះបើតាមប្រភពពី India express ៕

ប្រភព ៖ interesting engineering និង india express ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner