កាណាដា ថា ខ្លួនមិនមែនរស់ ដោយសារអាមេរិកទេ
អូតាវ៉ា ៖ នាយករដ្ឋមន្រ្តី កាណាដា លោក Mark Carney បានអះអាងថា ប្រទេសលោកមិនមែនរស់ ដោយសារអាមេរិកទេ។ ជាការឆ្លើយតបវិញ ទៅកាន់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលបានថ្លែង នៅវេទិកាសេដ្ឋកិច្ចពិភពលោក ថា កាណាដា រស់ដោយសារសហរដ្ឋអាមេរិក។
ថ្លែងចេញពីទីក្រុង Quebec កាលពីថ្ងៃព្រហស្បតិ៍, លោក Carney បានគូសបញ្ជាក់ថា «កាណាដាមិនមែនរស់ ដោយសារអាមេរិកឡើយ»។ ជាការលើកឡើង ភ្លាមៗ បន្ទាប់ លោក ត្រាំ បានបង្ហោះសារមួយ លើបណ្តាញ Truth Social ប្រកាសលុបចោលការអញ្ជើញឱ្យកាណាដា លែងឲ្យចូលរួមក្នុងក្រុមប្រឹក្សាសន្តិភាព ដែលលោកប្រធានាធិបតីអាមេរិក ផ្តួចផ្តើមបង្កើតឡើង។
លោក ត្រាំ ក៏បានរិះគន់លោក Carney អំឡុងវេទិកាសេដ្ឋកិច្ចពិភពលោកផងដែរ ដោយអះអាង ថា លោក Carney ហាក់មិនដឹងគុណសោះ ហើយ ថា កាណាដាគឺរស់ដោយសារសហរដ្ឋអាមេរិក ហើយបានប្រាប់ឱ្យលោក Carney ចងចាំរឿងនេះ មុននិយាយស្តីអ្វីមួយ នៅពេលក្រោយ។
លោក Carney គឺ ជាមេដឹកនាំ ដែលបានទាក់ទាញចំណាប់អារម្មណ៍អន្តរជាតិ នៅសប្តាហ៍នេះ ជាមួយនឹងមតិយោបល់របស់លោក លើកឡើងអំពី “ការបែកបាក់” នៅក្នុងលំដាប់ពិភពលោក ដែលដឹកនាំដោយសហរដ្ឋអាមេរិក។
រដ្ឋាភិបាលរបស់លោក ក៏បាននិយាយផងដែរថា ខ្លួននឹងមិនចំណាយប្រាក់ ដើម្បីចូលរួមជាមួយស្ថាប័ន ដែលមានស្ទីលផ្ទាល់ខ្លួន របស់លោក Trump ដើម្បីបញ្ចប់ជម្លោះជាសកលនោះទេ។ លោក ត្រាំ ធ្លាប់និយាយថា ប្រទេសដែលជាសមាជិកអចិន្រ្តៃយ៍ ត្រូវតែជួយផ្តល់មូលនិធិ ជាមួយនឹងការបង់ប្រាក់ ចំនួន១ពាន់លានដុល្លារ៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត