ប្រព័ន្ធទូទាត់សងប្រាក់នៅកម្ពុជាត្រូវបានបន្តអភិវឌ្ឍឱ្យកាន់តែទំនើប និងសុវត្ថិភាព
ភ្នំពេញ៖បច្ចុប្បន្នប្រព័ន្ធទូទាត់សងប្រាក់ត្រូវបានធនាគារជាតិនៃកម្ពុជា បន្តអភិវឌ្ឍឱ្យកាន់តែទំនើប សម្បូរបែប និងសុវត្ថិភាព ទាំងការទូទាត់ឆ្លងគ្រឹះស្ថានក្នុងស្រុក និងការទូទាត់ឆ្លងដែន ជាមួយបណ្តា ប្រទេសនានានៅក្នុងតំបន់ និងក្រុមហ៊ុនបណ្តាញទូទាត់អន្តរជាតិផ្សេងៗទៀត។
មានប្រសាសន៍ក្នុងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងទិសដៅការងារឆ្នាំ២០២៦ របស់ធនាគារជាតិនៃកម្ពុជានាចុងសប្ដាហ៍នេះ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានរំលេចថា ឆ្នាំ២០២៥កន្លងទៅ ឥណទានដែលផ្តល់ដោយប្រព័ន្ធធនាគារបន្តកើនឡើងសន្សឹមៗក្នុងអត្រា ៤.១% ខ្ពស់ជាងឆ្នាំ២០២៤ ដែលរួមចំណែកគាំទ្រដោយកំណើនតម្រូវការទុនរបស់ SMEs ក្នុងការពង្រីកអាជីវកម្ម។ ចំណែកប្រាក់បញ្ញើក្នុងប្រព័ន្ធធនាគារ បានបន្តកើនឡើងល្អប្រសើរ ជាមួយនឹងអត្រាកំណើន ១៤.៧ភាគរយ ។ តាមរយៈកំណើនទាំងនេះ ប្រព័ន្ធធនាគារនៅតែមានភាពធន់ និងបន្តទទួលបានជំនឿទុកចិត្តពីសាធារណជន ។
លោកជំទាវបណ្ឌិត បន្តថា ស្ថិតក្នុងភាពមិនប្រាកដប្រជាខ្ពស់ ដោយសារស្ថានភាពភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ច ដែលបន្តមានសភាពតានតឹង និងលក្ខខណ្ឌហិរញ្ញវត្ថុអន្តរជាតិរឹតត្បិត នៅឆ្នាំ២០២៥ សេដ្ឋកិច្ច ពិភពលោកត្រូវបានប៉ាន់ស្មានថាមានកំណើនយឺត ។ សម្រាប់កម្ពុជា បើទោះជាមានកំណើនទាបជាងឆ្នាំ២០២៤ និងការរំពឹងទុកកាលពីដើមឆ្នាំ២០២៥ សេដ្ឋកិច្ចត្រូវបានប៉ាន់ស្មានថា សម្រេចបានកំណើន ៥% ដែលត្រូវបានគាំទ្រជាចម្បងដោយកំណើននៃការនាំចេញ ទាំងផលិតផលកម្មន្តសាលកាត់ដេរ និងមិនមែនកាត់ដេរ ។អតិផរណាជាមធ្យមបានកើនឡើងបន្តិចមកកម្រិត ២,៥% ស្របពេលដែលតម្លៃប្រាក់រៀលក៏ត្រូវ បានរក្សាឱ្យមានស្ថិរភាពក្នុងអត្រាជាមធ្យម ៤.០១១ រៀលក្នុងមួយដុល្លារអាម៉េរិក ដែលបាន រួមចំណែកក្នុងការរក្សាស្ថិរភាពថ្លៃទំនិញ និងសេវាទូទៅនៅលើទីផ្សារផងដែរ ។ ទុនបម្រុងអន្តរជាតិកើនឡើង ២២,៣% ដល់ ២៧,៥ ប៊ីលានដុល្លារអាមេរិក ស្មើនឹង ប្រមាណ ៨ខែ នៃការនាំចូលទំនិញនិងសេវាសម្រាប់គ្រាបន្ទាប់ ដែលត្រូវបានបន្តចាត់ទុកថា មានកម្រិតខ្ពស់សមស្រប ។
ជាមួយនេះ លោកជំទាវបណ្ឌិត ជា សិរី បញ្ជាក់ថា នៅឆ្នាំ២០២៥ ធនាគារជាតិនៃកម្ពុជា បានជួយសម្រាលបន្ទុកដល់យោធិននៅសមរភូមិ និងប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីជម្លោះ ព្រំដែនកម្ពុជា-ថៃ ដោយធនាគារជាតិនៃកម្ពុជាបានណែនាំឱ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ រៀបចំឥណទានឡើងវិញ និងផ្តល់ការអនុគ្រោះផ្សេងៗ ។ ក្នុងនោះធនាគារជាតិនៃកម្ពុជា បានលុបចោលឥណទានរហូតដល់ ៨០លានរៀលសម្រាប់អតិថិជន ឬអ្នករួមខ្ចី ជាយោធិនពលី។ លុបចោលឥណទានរហូតដល់ ១០លានរៀល សម្រាប់អតិថិជនជាយោធិនពិការក្នុងសមរភូមិ ព្រមទាំងមានការរៀបចំឥណទានឡើងវិញ សម្រាប់អតិថិជនទូទៅជនភៀសសឹក ពលករត្រលប់មកពីប្រទេសថៃ និងយោធិនដែលធ្វើប្រតិបត្តិការដោយផ្ទាល់ ក្នុងសមរភូមិប្រយុទ្ធលើកលែងកម្រៃ ការផាកពិន័យ ការប្រាក់ ពន្យារពេលទូទាត់សងប្រាក់ដើម រហូតដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ សម្រាប់អតិថិជនជាយោធិនធ្វើប្រតិបត្តិការផ្ទាល់ ។ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុបានបន្តរៀបចំឥណទានឡើងវិញ ជូនដល់អតិថិជន ដែលបច្ចុប្បន្នមានចំនួន ៥.៣ ប៊ីលានដុល្លារអាមេរិក ស្មើនឹង៨.៣% នៃឥណទានសរុប សម្រាប់គណនីចំនួន ២៤៥.១ពាន់ ៕
អត្ថបទ៖ វណ្ណលុក
រូប៖ វ៉េង លីមហួត









