អាមេរិក ២៤០លាននាក់ ប្រឈមមុខនឹងព្យុះរដូវរងា
វ៉ាស៊ីនតោន ៖ ប្រជាជនអាមេរិក រហូតដល់ ២៤០លាននាក់ ប្រឈមរងផលប៉ះពាល់ ដោយសារតែព្យុះរដូវរងា ដែលនាំមកនូវ ការដាច់ចរន្តអគ្គិសនី, ភាពវឹកវរ ក្នុងការដឹកជញ្ជូន និង ជំងឺបណ្តាលមកពីការចុះត្រជាក់ខ្លាំង នេះបើតាមការចេញផ្សាយ របស់ CNA នៅថ្ងៃអាទិត្យនេះ។
បើតាមប្រភព, ព្យុះរដូវរងា Fern បានទម្លាក់ព្រិល និង ធ្លាក់ភ្លៀងត្រជាក់ នៅរដ្ឋ New Mexico និង Texas កាលពីថ្ងៃសៅរ៍ ទី២៤ ខែមករា ខណៈដែលវាបានសាយភាយ ពាសពេញសហរដ្ឋអាមេរិក ឆ្ពោះទៅភាគឦសាន ដោយបានគំរាមកំហែង ដល់ប្រជាជនអាមេរិក ជាមួយនឹងការដាច់ភ្លើង, ភាពវឹកវរ ក្នុងការដឹកជញ្ជូន និង ជំងឺផ្តាសាយ។
រដ្ឋមន្ត្រីដឹកជញ្ជូន លោក Sean Duffy បានព្រមានថា ប្រជាជនអាមេរិករហូតដល់ ២៤០ លាននាក់ អាចរងផលប៉ះពាល់ ដោយព្យុះរដូវរងា ដ៏ធ្ងន់ធ្ងរនេះ ហើយ រដ្ឋ យ៉ាងតិច ចំនួន១៦ រួមទាំង រដ្ឋធានី វ៉ាស៊ីនតោន បានប្រកាសដាក់ នៅក្នុងគ្រាអាសន្ន។
យោងតាមគេហទំព័រ តាមដានជើងហោះហើរ FlightAware បានឱ្យដឹងថា ជើងហោះហើរប្រហែល ១ម៉ឺន៣ពាន់ជើង ត្រូវបានលុបចោល នៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ទូទាំងសហរដ្ឋអាមេរិក។
អ្នកដើរទិញឥវ៉ាន់ បានសម្រុកចូល ទៅក្នុងផ្សារទំនើប ប្រមូលអស់ពីធ្នើរ ដើម្បីទិញរបស់របរ ស្តុកទុក ស្របពេលដែលសេវាអាកាសធាតុជាតិ បានព្យាករណ៍ថា នឹងមានព្រិលធ្លាក់ដ៏ធំ នៅក្នុងតំបន់មួយចំនួន ហើយអាចជា មហន្តរាយ ជាមួយនឹងការកកកុញ ដោយទឹកកក បង្កឡើងពីភ្លៀងត្រជាក់៕
ប្រភពពី CNA ប្រែសម្រួល ៖ សារ៉ាត