អ៊ីរ៉ង់ដាស់តឿនសត្រូវថា ការឈ្លានពានណាមួយ នឹងជួបរឿងសោកស្តាយនឹកស្មានមិនដល់

តេហេរ៉ង់ ៖ ប្រទេសអ៊ីរ៉ង់បានចេញមកនាំស្រែកគំរាមខ្លាំងៗ និងផ្ញើសារដាស់តឿនសត្រូវរបស់ខ្លួនសាជាថ្មីថា អ៊ីរ៉ង់នឹងផ្តល់ការឆ្លើយតបដ៏ទូលំទូលាយ និងគួរឱ្យសោកស្តាយនឹងស្មានមិនដល់ ចំពោះការឈ្លានពានណាមួយ ។

ទោះបីជាមិនបញ្ចេញឈ្មោះចំៗក៏ដោយ តែគេដឹងទូទៅថា សត្រូវធំៗរបស់អ៊ីរ៉ង់ គឺសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ។ ការសម្លុតគំរាមរបស់អ៊ីរ៉ង់ចុងក្រោយនេះ ធ្វើឡើងឆ្លើយតបទៅនឹងចលនាយោធារបស់អាមេរិកនៅអាស៊ីខាងលិច និងសមយុទ្ធរួមគ្នាជាមួយរដ្ឋឈូងសមុទ្រ ។

ជាមួយគ្នានេះ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក អ៊ីស្មែល បាហ្គេ បាននិយាយកាលពីថ្ងៃចន្ទថា បន្ទាប់ពីការឈ្លានពានផ្នែកយោធារបស់អ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់កាលពីខែមិថុនា យើងនៅតែប្រឈមមុខនូវការទាមទារ និងការគំរាមកំហែងថ្មីៗពីអាមេរិក និងអ៊ីស្រាអែលស្ទើរជារៀងរាល់ថ្ងៃ ។

លោកបានសង្កត់ធ្ងន់ថា ប្រទេសណាមួយដែលស្រលាញ់សន្តិភាព និងគោរពច្បាប់អន្តរជាតិ គួរតែប្រកាន់គោលជំហរច្បាស់លាស់ ចំពោះការសម្លុតគំរាមរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងរដ្ឋដទៃទៀត ។

នៅពេលសួរអំពីលទ្ធភាពនៃការចរចារវាងអ៊ីរ៉ង់ និងអាមេរិក ដើម្បីទប់ស្កាត់ជម្លោះ លោក បាហ្គេ បាននិយាយថា ការចរចាអាចធ្វើទៅបាន តែជាមួយភាគីណាមួយ ដែលមិនត្រូវការសង្គ្រាម ឬការប្រឈមមុខដាក់គ្នាប៉ុណ្ណោះ ។ លោកថា អ៊ីរ៉ង់មិនដែលស្វាគមន៍សង្គ្រាម និងមិនដែលគេចវេះពីការទូត ឬការចរចាឡើយ ហើយអ៊ីរ៉ង់តែងតែអនុវត្តវា ៕

ប្រភព ៖ ស៊ីនហួរ ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner