អង្គការអភិរក្សសមុទ្រកម្ពុជាបង្ហាញលទ្ធផលស្រាវជ្រាវថ្មីពីពូជសត្វផ្សោត និងទំនាក់ទំនងដ៏កម្ររបស់ពួកវា
MC៖អង្គការអភិរក្សសមុទ្រកម្ពុជាឬអឹមស៊ីស៊ី (MCC)បានបង្ហាញអត្ថបទស្រាវជ្រាវថ្មីដែលចងក្រងអំពីអន្តរកម្មដ៏កម្ររបស់សត្វ ផ្សោតនៅកម្ពុជា។ការចេញផ្សាយនេះបង្ហាញពីពូជសត្វសមុទ្រដែលមានទំនាក់ទំនងគ្នាដោយកម្រ និងសារៈសំខាន់របស់ពួកវា។

អាន៖ក្នុងការចេញផ្សាយនៅដើមសប្តាហ៍នេះ អង្គការអភិរក្សសមុទ្រកម្ពុជាឱ្យដឹងថា”ក្នុងអំឡុងពេលចុះអង្កេតការជាប្រចាំរបស់ ក្រុមការងារអឹមស៊ីស៊ី ក្នុងខែឧសភា ឆ្នាំ២០២៤ នៅសហគមន៍នេសាទព្រែកត្នោត (ខេត្តកំពត)ពួកយើងបានថតជាប់នូវសកម្មភាពប្រាស្រ័យទាក់ទងគ្នារបស់សត្វផ្សោតក្បាលត្រឡោក និងកូនរបស់វាជាមួយនឹងហ្វូងផ្សោតឃ្លៀច”។

អង្គការដដែលបន្ថែមថា បើទោះបីជាប្រភេទពូជផ្សោតទាំងពីរប្រភេទនេះត្រូវបានគេឃើញមានរស់នៅតាមតំបន់សមុទ្រ និងទឹកពាមនៅកម្ពុជាក៏ដោយក្ដី ក៏ការទំនាក់ទំនងរបស់ពួកវាគឺកម្រនឹងមានគេបានឃើញណាស់។ វាគួរឱ្យចម្លែកដែលកូនផ្សោតក្បាលត្រឡោកបានហែលនៅក្នុងហ្វូងផ្សោតឃ្លៀច ដូចមេនឹងកូន។ ចំណែកឯហ្វូងផ្សោតឃ្លៀចពេលខ្លះគេឃើញថាវាបានបញ្ចេញសកម្មភាពការពារខ្លួនទៅកាន់ផ្សោតក្បាលត្រឡោកដែលជាមេថែមទៀត។ សម្រាប់អន្តរកម្មមួយនេះ ពុំទាន់ត្រូវបានគេយល់ច្បាស់ពីចេតនារបស់វានៅឡើយទេ។

អឹមស៊ីស៊ីបានបង្ហាញលទ្ធផលស្រាវជ្រាវដោយប្រើប្រាស់ទូកចុះអង្កេតផ្សោត ជាមួយនឹងការបង្ហោះយានគ្មានមនុស្សបើក(ដ្រូន)ថា ក្រុមការងាររបស់យើងអាចប្រមូលចងក្រងលម្អិតពីការងារមួយនេះបានយ៉ាងប្រសើរ។ គឺសកម្មភាពទំនាក់ទំនងដោយកម្រនៃសត្វផ្សោតទាំងទាំងពីរប្រភេទនេះត្រូវបានផ្ដិតយករូបភាព និងបញ្ចូលទៅក្នុងអត្ថបទស្រាវជ្រាវដែលមានការត្រួតពិនិត្យពីអ្នកជំនាញ ដែលជាឯកសារដំបូងគេបង្អស់នៅកម្ពុជាដែលបង្ហាញពីការប្រាស្រ័យទាក់ទងគ្នារបស់ពពួកក្រុមផ្សោតទាំងពីរប្រភេទនេះ។ លើសពីនេះ ក្នុងឯកសារនោះក៏មានបង្ហាញពីសារ:សំខាន់ ក្នុងការបន្តតាមដានពីជិវិតសត្វសមុទ្រនៅក្នុងប្រទេសកម្ពុជាផងដែរ។

ពាក់ព័ន្ធនឹងសត្វផ្សោតដដែល លោក វ៉េត សុនីម អនុប្រធានមន្ទីរបរិស្ថាន ខេត្តកោះកុងអធិប្បាយថា សត្វផ្សោតនៅ ពាមក្រសោបក្នុងខេត្តកោះកុង ជាសត្វផ្សោតទឹកប្រៃ។ពួកវាមាន៣ប្រភេទគឺ ផ្សោតក្បាលត្រងោល សត្វផ្សោតឥតព្រុយខ្នង និងសត្វផ្សោតឃ្លៀច ។

លោកបន្ថែមថា បើតាមរយៈការសិក្សាស្រាវជ្រាវកាលពីអំឡុងឆ្នាំ ២០១៨គេឃើញវត្តមានសត្វផ្សោតចំនួនប្រមាណជាង ៥០០ក្បាល។សត្វផ្សោតដែលសម្បូរជាងគេនៅកោះកុងគឺសត្វផ្សោតក្បាលត្រងោល និងសត្វផ្សោតឃ្លៀច។ ឯសត្វផ្សោតឥតព្រុយគ្នាមានចំនួនតិចតួចទេ ហើយសត្វផ្សោតប្រភេទនេះច្រើនរស់នៅទឹកជ្រៅ ។វាក៏ជាសត្វកម្របំផុតក្នុងពិភពលោក។
ចំណែកទីជម្រកសត្វផ្សោតទាំងនេះវិញ លោកអនុប្រធានមន្ទីរបានប្រាប់ថា ពួកវាច្រើនរស់នៅក្នុងលំហដែនទឹកនៅជាប់ខាងក្រៅនៃពាមផ្លូវទឹកដែលស្ថិតនៅក្នុង និងជុំវិញដែនជម្រកសត្វព្រៃពាមក្រសោបខេត្តកោះកុង មានដូចជា នៅឃុំកោះកាពិ ឃុំបាក់ខ្លង ឃុំពាមក្រសោប និងសង្កាត់ដងទង់ ជាដើម។
បើតាមឯកឧត្តម ខ្វៃ អាទិត្យា មន្រ្តីអ្នកនាំពាក្យក្រសួងបរិស្ថាន,បច្ចុប្បន្នកម្ពុជាបានរកឃើញច្រើនទៅលើជីវចម្រុះក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលពិភពលោកគ្មានទេ ពោលគឺមានតែនៅកម្ពុជា។វត្តមានសត្វផ្សោតនៅក្នុងតំបន់សមុទ្រកម្ពុជាក៏បានបង្ហាញពីសក្តានុពលធនធានធម្មជាតិរបស់កម្ពុជាដែលមានការអភិរក្សបានល្អប្រសើរ ។ជាពិសេសក៏ជាផ្នែកមួយក្នុងការទាក់ទាញវិស័យទេសចរណ៍ដែលតំបន់ការពារធម្មជាតិយើងត្រូវបានការពារ និងត្រូវបានអភិរក្សបានល្អប្រសើរ។
ដោយឡែក លោក ផៃ សុម៉ានី អនុប្រធាននាយកដ្ឋានអភិរក្សជលផលធ្លាប់បានប្រាប់បណ្ដាញព័ត៌មានAMSថា៖សត្វផ្សោតឃ្លៀចស្ថិតនៅក្នុងចំណោមសត្វផ្សោត៣ផ្សេងទៀត(ផ្សោតឃ្លៀច ផ្សោតក្បាលត្រឡោក ផ្សោតឥតព្រុយខ្នង )និងផ្សោតដទៃផ្សេងៗទៀត។នៅសមុទ្រកម្ពុជាតាមពិតមានផ្សោត និង ថនិកសត្វទឹក ផ្សេងៗ រហូតដល់១៦ប្រភេទឯណោះក្នុងនោះរាប់ទាំងជ្រូកទឹក ត្រីបាឡែនផងដែរ។
លោកបានបញ្ជាក់បន្ថែមថាសត្វផ្សោតដែលជាថនិកសត្វមានរស់នៅតាមបណ្តោយឆ្នេរនៅកម្ពុជាទាំងអស់ពិសេសនៅខេត្កកោះកុង ខណៈកាលពីមុនមកគេដឹងទេថា មាននៅកែប នៅខេត្តកំពត។ របកគំហើញនេះពិតជាផ្តល់សារៈសំខាន់សម្រាប់កម្ពុជា៕
ដោយ៖ម៉ាដេប៉ូ
