មេណាតូ ព្រមានថា អឺរ៉ុប មិនអាចគ្មាន អាមេរិក ជាខ្នងបង្អែកការពារខ្លួនបានទេ

ព្រុចសែល ៖ អឺរ៉ុបនឹងមិនអាចការពារខ្លួនឯងបាននោះទេ ប្រសិនបើគ្មានការគាំទ្រ ឬខ្នងបង្អែកផ្នែកយោធា និងនុយក្លេអ៊ែររបស់អាមេរិក ។ នេះបើតាមការព្រមានរបស់អគ្គលេខាធិការអង្គការណាតូ លោក Mark Rutte កាលពីថ្ងៃចន្ទ ។

ការព្រមានរបស់លោក Mark Rutte កើតមានឡើង បន្ទាប់ពីអាមេរិកប្រកាសច្រើនលើកច្រើនសារថា ខ្លួននឹងកាត់បន្ថយការប្តេជ្ញាចិត្តការពារសម្ព័ន្ធមិត្តអឺរ៉ុប និងជំរុញឲ្យប្លុកដែលមានរដ្ឋជាសមាជិកចំនួន ២៧ ប្រទេសមួយនេះបង្កើនការទទួលខុសត្រូវចំពោះសន្តិសុខដោយខ្លួនឯង ចំពេលមានការគំរាមកាន់តែខ្លាំងឡើងពីរុស្ស៊ី ។

លោក Mark Rutte និយាយថា ក្រៅពីមិនអាចការពារខ្លួនឯងបានហើយ អឺរ៉ុបក៏នឹងត្រូវប្រឈមនូវការចំណាយដ៏ធំសម្បើមរហូតដល់ ១០% នៃផលិតផលក្នុងស្រុកសរុបរបស់ពួកគេផងដែរ ទៅលើវិស័យយោធា ហើយតួលេខនេះ ទំនងជាមិនគ្រប់គ្រាន់នៅឡើយទេ ។

លោកថា ការជំនួសឆ័ត្រសន្តិសុខរបស់សហរដ្ឋអាមេរិក គឺជាក្តីស្រមៃច្រើនជាងការពិត ដូច្នេះទ្វីបអឺរ៉ុបនៅតែពឹងផ្អែកជាមូលដ្ឋានលើទីក្រុងវ៉ាស៊ីនតោនដដែល ។

យ៉ាងណា អតីតនាយករដ្ឋមន្រ្តីហូឡង់វ័យ ៥៩ ឆ្នាំរូបនេះ នៅតែរក្សាជំហរថា ឯករាជ្យភាពពេញលេញ នឹងតម្រូវឲ្យអឺរ៉ុបបង្កើតឃ្លាំងអាវុធនុយក្លេអ៊ែរដោយខ្លួនឯង ដែលត្រូវចំណាយប្រាក់រាប់ពាន់លានដុល្លារឯណោះ ។

ជាមួយគ្នានេះ ការព្រមានរបស់លោក Rutte ក៏កំពុងដុតបញ្ឆេះឲ្យមានការបែកបាក់កាន់តែខ្លាំងឡើងនៅក្នុងសម្ព័ន្ធមិត្តអង្គការណាតូផងដែរ ជាពិសេសនៅក្រោយពេលមហិច្ឆតារបស់លោក ដូណាល់ ត្រាំ ក្នុងការចង់ច្បាមយកកោះ Greenland ជាដែនដីរបស់ខ្លួន ៕

ប្រភព ៖ RT និង Politico ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner